ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំដល់ គ្រប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ឱ្យជម្រុញរកទីផ្សារ វារីវប្បកម្ម ជូនវារីវប្បករ តាមរាជធានី ខេត្ត ។ នេះបេីតាមការលើកឡើងរបស់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងលិខិតដែលចុះហត្ថលេខដោយលោក ពុំ សុថា បានសរសេរ យោងតាមការណែនាំរបស់លោករដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសជួប សំណេះសំណាល ជាមួយវារីវប្បករ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។
ប្រធានរដ្ឋបាលជលផលរូបនេះ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា៖ ” ខ្ញុំសូមជម្រាបលោក ប្រធានមន្ទីរថា បច្ចុប្បន្ន ការអភិវឌ្ឍវារីវប្បកម្ម នៅទូទាំងប្រទេស បាននិងកំពុង រីកចម្រើន គួរកត់សម្គាល់ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងដៃគូរអភិវឌ្ឍន៍នានា ឃើញថា រយៈពេល ១០ឆ្នាំមកនេះ ការងារវារីវប្បកម្ម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ វារីវប្បករ ក្នុងការធ្វើវារីវប្បកម្ម ខ្នាតតូច មធ្យម និង ខ្នាតធំ រួមមាន ការចិញ្ចឹមត្រីក្នុងស្រះ បែ ស៊ង ស្រែ និង ថង់ប្លាស្ទីក ជាដើម ដែលនាំឱ្យ បរិមាណផល វារីវប្បកម្ម មានសន្ទុះកើនឡើង ជាលំដាប់។
នៅក្នុងលិខិតដដែល បានបន្ថែមទៀតថា៖ ជាក់ស្តែង ផលវារីវប្បកម្ម បានកើនពី ៦០ ទៅ ៣០៧ ពាន់តោន ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ (កើនជាមធ្យម ២០ ភាគរយ ក្នុងមួយឆ្នាំ)។
ដោយឡែកក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ កម្មវិធីជួបជុំ ដូចជា៖ ការៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋាន មួយចំនួន ត្រូវបានបិទ ដែលនាំឱ្យតម្រូវការ ត្រីសាច់ មានការថយចុះបណ្តាលឱ្យ វារីវប្បករ ជួបការលំបាក ក្នុងការរកទីផ្សារ។ អាស្រ័យដូចនេះ សូមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ជួយជម្រុញខណ្ឌរដ្ឋបាលជលផល ឱ្យខិតខំរកទីផ្សារ ជូនវារីវប្បករ ស្របតាមការណែនាំ របស់លោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ដោយ៖សហការី