ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់និងសោកស្តាយខ្លាំងណាស់ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩
ទី១មានឈ្មោះលោកស្រីសេកសារិនដែលជាប្រជាពលរដ្ឋនៅភូមិវាលល្ងើតឃុំកំពង់ចំឡងស្រុកស្វាយជ្រំដែលបានទទួលមរណភាពកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ដោយសារជំងឺកូវីត១៩និងជំងឺទឹកនោមផ្អែមក្នុងជន្មាយុ៥៩ឆ្នាំ។
ទី២មានឈ្មោះសោមសុខាប្រជាពលរដ្ឋរស់នៅភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ដោយជំងឺកូវីត១៩ក្នុងជន្មាយុ៥៩ឆ្នាំ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១.៧១១នាក់ស្រី១០០៥នាក់, ជាសះស្បើយ ចំនួន១១៤០នាក់,ស្រី៦៤៤, អ្នកកំពុងសម្រាកព្យាបាលចំនួន៥៥៦នាក់ស្រី៣៥៤នាក់ និងស្លាប់ចំនួន១៤នាក់ស្រី៧នាក់។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្តវិធានការ ៣កុំ និង៣ការពារ ៕
ដោយ៖ យឹម សុថាន