ប្រមុខរាជរដ្ឋាភិបាលបានបង្ហើបកាលពីចុងខែកុម្ភៈ អំពីការដោះដូរសមាជិកគណៈរដ្ឋមន្ត្រី ដែលអសកម្មមួយចំនួន ប្រយោជន៍ដើម្បីជំរុញល្បឿននៃការងាររបស់រាជរដ្ឋាភិបាល ។ នៅក្នុងឱកាសនោះ សម្តេចតេជោបានព្រលយឲ្យដឹងថា ក្រសួង២ ដែលស្ទក់ជាងគេ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឥឡូវនេះ ការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលបានចេញជារូបរាងហើយ តាមរយៈលិខិតមួយផ្ញើទៅរដ្ឋសភា កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីស្នើសុំដោះដូរសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន ។ នេះជាអ្វីដែលហៅថា កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយមន្ត្រីរដ្ឋាភិបាលដែលអសកម្មត្រូវទទួលស្គាល់ការពិត ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្តីបន្ទោសថា ធ្វើការស្ទក់ៗ ស្ទុយៗ យឹតដែលមិនអាចរត់តាមសភាពការណ៍បាន ។ ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ក៏មិនអន់ជាងលោកត្រាំ អ៊ីវតឹកប៉ុន្មានដែរ រឿងយឺតៗស្ទក់ៗនេះ ។ រដ្ឋមន្ត្រីបែបនេះ មិនគួរនៅបន្តធ្វើការងារនៅគ្រាដែលក្រសួងដទៃទៀតកំពុងសកម្មជាមួយនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាលនោះ ។ ផ្ទុយទៅវិញ មានចំណុចអវិជ្ជមានជាច្រើន ដែលបាននិងកំពុងកើតឡើងនៅក្នុងក្រសួងទាំងពីរខាងលើនេះ ។ យ៉ាងណាក៏ដោយមិនប្រាកដថា នឹងមានការដោះដូរលោកត្រាំ អ៊ីវតឹក ឬលោកអ៊ុក រ៉ាប៊ុន នោះទេ ។ ប៉ុន្តែអាចនឹងមានការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងផ្សេងទៀតផងដែរ ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ ត្រាំ អ៊ីវតឹក ត្រូវគេនិយាយថា ក្រៅពីស្ទក់ៗ ក៏នៅមានបញ្ហាអំពើពុករលួយ ក្នុងក្រសួងនេះទៀតផង ។ រយៈពេលនៃការកាន់តំណែងរបស់លោកត្រាំ អ៊ីវតឹក មិនឃើញមានអ្វីរីកចម្រើនជាដុំកំភួនក្រៅតែពីការពង្រាយជញ្ជីងថ្លឹងរថយន្តនៅតាមផ្លូវជាតិតែប៉ុណ្ណោះ ។ នៅតាមផ្លូវជាតិលេខ២ចម្ងាយប្រហែល៥គីឡូម៉ែត្រពីគ្នាមានជញ្ជីងថ្លឹងរថយន្ត២កន្លែង ។ ទំនងជាគោលការណ៍របស់លោកត្រាំ អ៊ីវតឹក ត្រូវពង្រាយចំនួនជញ្ជីងថ្លឹងរថយន្តឲ្យបានច្រើនតាមផ្លូវជាតិ ក្នុងចម្ងាយ៥គីឡូម៉ែត្រ មានជញ្ជីងថ្លឹងរថយន្ត១ហើយមើលទៅ ។ ថ្មីៗ នេះទៀត ក្រសួងសាធារណការរបស់លោកត្រាំ អ៊ីវតឹក បានធ្វើឲ្យប្រជាពលរដ្ឋវិលវល់ គ្រាន់តែរឿងបណ្ណបើកបរមួយសន្លឹក ។ សេចក្តីសម្រេចរបស់ក្រសួងសាធារណការម្តងយ៉ាងនេះ ម្តងយ៉ាងនោះ ពាក់ព័ន្ធនឹងបញ្ហាបណ្ណបើកបរមួយសន្លឹកនោះ ។ ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ ។ ចំណុចអវិជ្ជមានទាំងនេះ គួរតែត្រូវបានកែប្រែតាំងពីយូរ ប៉ុន្តែលោកត្រាំ អ៊ីវតឹក ដែលនាយករដ្ឋមន្ត្រីថា ស្ទក់ៗនោះ មើលមិនឃើញពីចំណុចខ្សោយនោះទេ ប៉ុន្តែបែរជាមានមោទនភាពចំពោះការពង្រាយជញ្ជីងបានច្រើនតាមផ្លូវជាតិចាំចាប់រថយន្តដឹកលើសទម្ងន់នោះទៅវិញ ។
រីឯរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអ៊ុក រ៉ាប៊ុន ក៏ស្ទក់មិនចាញ់លោកត្រាំ អ៊ីវតឹកប៉ុន្មានដែរ ។ បទល្មើសនេសាទ, បទល្មើសព្រៃឈើ កើតមានគ្រប់កន្លែង ប៉ុន្តែមិនឃើញលោករដ្ឋមន្ត្រីមានចំណាត់ការអ្វីបន្តិចឡើយ ។ សូម្បីតែក្រុមមន្ត្រីក្រោមឱវាទក្រសួងកសិកម្ម ក៏ទទួលស្គាល់ថា ចៅហ្វាយក្រសួងនេះ មិនបានយកចិត្តទុកដាក់នឹងការងារនោះទេ ។ ផ្ទុយទៅវិញគេខ្សឹបខ្សៀវថា ឲ្យតែបានប្រយោជន៍ លោករដ្ឋមន្ត្រីស៊ីញ៉េទាំងអស់ ។ ជាក់ស្តែង ច្បាប់ហាមឃាត់មិនឲ្យនាំត្រីឆ្តោពីប្រទេសជិតខាងចូលក្នុងប្រទេសកម្ពុជា ទេ ។ ប៉ុន្តែលោករដ្ឋមន្ត្រីបានស៊ីញ៉េអនុញ្ញាតឲ្យឈ្មួញនាំត្រីឆ្លោចូលយ៉ាងគគ្រឹកគគ្រេង ។ ទង្វើបែបនេះ ត្រូវបានក្រុមមន្ត្រីនៃក្រសួងកសិកម្មយល់ថា វាជាការជាន់ឈ្លីច្បាប់ដែលសម្រេចដោយរាជរដ្ឋាភិបាល ។ មិនតែប៉ុណ្ណោះ ឈ្មួញបានដៃ ក្នុងការប្រព្រឹត្តអំពើខុសច្បាប់ថែមទៀតផង ។ បទល្មើសព្រៃឈើកើតមានគគ្រឹកគគ្រេង ដែលជាក់ស្តែងគណៈកម្មាធិការថ្នាក់ជាតិបានរកឃើញនៅពេលនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានអើពើក្នុងការបង្ក្រាបបទល្មើសនោះឡើយ ។ អ្វីដែលគណៈកម្មាធិការថ្នាក់ជាតិរកឃើញអំពីបទល្មើសព្រៃឈើ ជាព្រនង់មួយសំពងទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្មរួចទៅហើយ ។
ឥឡូវនេះសាប៊ូ និងច្រាស់ បានដល់រដ្ឋសភាហើយ ដើម្បីនឹងត្រៀមដុសក្អែលមន្ត្រីអសកម្មមួយចំនួន បន្ទាប់ពីការផ្លាស់ប្តូរសមាជិកគណៈរដ្ឋមន្ត្រី ។ មានន័យថា មិនមែនមានតែរដ្ឋមន្ត្រីប៉ុន្មានក្រសួងដែលស្ទក់ៗនោះទេត្រូវដកតំណែង ប៉ុន្តែអ្នកដែលស្ទក់ដទៃទៀត ក៏ប្រឈមនឹងការដកតំណែងនោះដែរ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅនេះថា «បើទុកម្លឹងៗ មិនកើតទេ វាងាប់ឯខ្ញុំ ។ អាពាក្យគ្នាឯងៗ ហ្នឹង វាគ្រោះថ្នាក់ដល់ខ្លួនឯងទៀត ។ ចេះតែយោគយល់ទៅៗ សណ្តោងផងអីផង» ។ ដូច្នេះ មន្ត្រីដែលអសកម្មគឺត្រូវតែផ្លាស់ប្តូរដើម្បីលាងជម្រះចំណុចអវិជ្ជមានទាំងនេះ ងាកមកជំរុញល្បឿននៃការកំណែទម្រង់ឲ្យបានរហ័ស ។ អ្វីដែលសំខាន់ជាងនេះទៅទៀត រដ្ឋមន្ត្រីដែលអសកម្មត្រូវទទួលស្គាល់ការពិត ដែលខ្លួនមិនបានធ្វើការងារឲ្យបានពេញលេញ ហើយថែមទាំងលាយឡំដោយអំពើពុករលួយនោះទៀតផង ។ ពេលនេះ ដល់ពេលដែលប្រមុខរាជរដ្ឋាភិបាលដុសក្អែលឆ្លុះកញ្ចក់ហើយ ។ រដ្ឋមន្ត្រីទាំងឡាយអើយ ដែលប្រឈមនឹងការដកតំណែង កុំអន់ចិត្ត ព្រោះយើងធ្វើការងារមិនកើតមែន! ៕
ដោយ៖ នួន នរិន្ទ្រន៍