ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង ០០នាទី កម្លាំងជំនាញរបស់ការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តកំពង់ចាម សហការ ជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបុសខ្នុរ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានចុះបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នូវសារធាតុញៀន។
០១ករណី ដោយប្រើប្រាស់ជំនាញ នៅចំណុចមុខផ្សារបុសខ្នុរ ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផល វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួល នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ បន្ទាប់មកដោយមានចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃដដែល វេលាម៉ោង ១៦ៈ១០នាទី សមត្ថកិច្ចបានបន្ដ កិច្ចប្រតិបត្តិទៅធ្វើការឆែកឆេរផ្ទះរបស់មុខសញ្ញាឈ្មោះ កាន ចាន់ ហៅ ហម ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ រកឃើញវត្ថុតាងមាន ថ្នាំញៀន ០១ កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង និងឧបករណ៍ សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ អែម តូច ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកមុខសញ្ញាឈ្មោះ កាន ចាន់ ហៅ ហម ចាន់ បានរត់គេចខ្លួន សមត្ថកិច្ចយើងកំពុងបន្តស្វែងរកចាប់ខ្លួន មកដាក់ទោសតាមច្បាប់មិនឲ្យជនប្រព្រឹត្តបទល្មើសរួចផុតពីសំណាញ់ច្បាប់ឡើយ ។
បច្ចុប្បន្នជនសង្ស័យទាំង០២ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់ ទៅតាមប្បញ្ញត្តិច្បាប់ មាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន បានចែងថាៈ បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសនិងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល៕
ដោយ៖ វណ្ណៈ