ក្រសួងទេសចរណ៍ : រាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពីផេក: ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ ននេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមាន

ប្រសាសន៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។

គួរបញ្ជាក់ថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

* បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ ប្រភេទ ដែលរួមមាន៖

១៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)

២៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)

៣៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)

៤៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)

៥៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)

៦៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature)

៧៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។

ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន ៦ ក្នុងប្រទេសចំនួន ៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan), ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ ដូច្នេះហើយទើបកម្ពុជាប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕

...

ដោយ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print