អន្តរជាតិ៖ បើតាមសារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា ប្រទេសវៀតណាម បានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃ ខណៈដែលប្រទេសនេះក៏គ្រោងនឹងចាប់ផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងផងដែរ។
ជាក់ស្ដែងសេចក្តីជូនដំណឹងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ រវាងគណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងការពារជំងឺ COVID-19 និងក្រសួងវប្បធម៌កីឡា និងទេសចរណ៍។ គេនៅមិនទាន់ច្បាស់ទេថា តើរយៈពេលកំណត់ថ្មីនឹងត្រូវបានអនុវត្តនៅពេលណា ហើយថាតើវានឹងកំណត់ចំនួនណាមួយ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសនេះឬទេ។
ប៉ុន្តែវៀតណាមច្បាស់ណាស់ នឹងផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង ដែលជាផ្នែកមួយនៃការសាកល្បងរបស់ខ្លួន ដើម្បីអនុញ្ញាឱ្យភ្ញៀវបរទេសអាចទៅទស្សនាតំបន់ទេសចរណ៍ណាមួយ ដែលគ្រប់គ្រងជំងឺ COVID-19 បានប្រសើរ។
គួររម្លឹកថា ប្រទេសវៀតណាម កាលពីខែមីនាឆ្នាំ២០២០ បានបិទព្រំដែនរបស់ខ្លួន និងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់។ ប៉ុន្តែមានតែជនជាតិវៀតណាម ដែលបានធ្វើមាតុភូមិនិវត្តន៍, អ្នកជំនាញបរទេស, អ្នកការទូត, អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតក្រោមលក្ខខណ្ឌពិសេស៕ដោយ៖សហការី