ភ្នំពេញៈ នៅរសៀលថ្ងៃទី ១៧ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយលោក Nicolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ឋ នៃសភារុស្សុី ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Nicolay Fedorov បានអបអរសាទរចំពោះ សម្តេចតេជោ អំពីការដឹកនាំល្អ ដែលធ្វើអោយប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់ភ្ជាប់និងនយោបាយឈ្នះឈ្នះ របស់សម្តេច ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលលោកបានឃើញផ្ទាល់និងភ្នែកស្រាប់។ លោក Nicolay បានឃើញគ្រឿងចក្រ និងសំណង់ធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញកំពុងរីកដុះដាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ។
ដំណើរទស្សនកិច្ចរបស់លោក Nicolay មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ។ ក្នុងនាមលោកជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកនឹងប្រឹងប្រែងជួយធ្វើយ៉ាងណា សំរួលល័ក្ខខ័ណ្ឌដោយភាពអនុគ្រោះក្នុងការនាំកសិផលកម្ពុជាទៅកាន់រុស្សុី។ ជាងនេះទៅទៀត លោកនឹងជំរុញអោយមានការផ្តល់អាហារូបករណ៍អោយបានច្រើនដល់និស្សិតកម្ពុជាទៅសិក្សានៅរុស្សុីផងដែរ។ រុស្សីបានចាត់ទុកសម្តេចតេជោ ជាមិត្តចាស់ដែលមានអនុស្សាវរីយ៌ជាច្រើនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ភាគីរុស្សី ដែលសព្វថ្ងៃនេះជាសហព័ន្ឋរុស្សុីដែលកន្លងមកធ្លាប់បានជួយដល់កម្ពុជា ពេលដែលកម្ពុជាជួបការលំបាកពីអតីតកាល។ រុស្សុីបានជួយមកកម្ពុជាតាមរយៈ ការស្ដាខឿនសេដ្ឋកិច្ច និងការបណ្តុះបណ្ដាលធនធានមនុស្ស។ សម្តេចតេជោ បានស្នើអោយប្រទេសទាំងពីររួមគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យណាមួយបន្ថែមទៀតដែលភាគីទាំងពីរគិតថាអាចធ្វើបាននាពេលខាងមុខ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានថ្លែងអំណរគុណ លោក Nicolayដែលបានជួយរៀបចំ និងបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងក្នុងការនាំកសិផលកម្ពុជាទៅកាន់ប្រទេសរុស្សុី រួមទាំងការជួយជំរុញអោយភ្ញៀវទេសចរណ៍រុស្សុីមកទស្សនាកម្ពុជាអោយបានច្រើនឡើង និងសូមបើកអោយមានការហោះហើរត្រង់ ពីរុស្សុីមកកម្ពុជាផងដែរ។ កិច្ចប្រជុំរសៀលនេះបានបញ្ចប់ប្រកបទៅដោយលទ្ឋផលវិជ្ជមានជាច្រើន ប្រកបទៅដោយភាពស្និទ្ឋស្នាលបំផុត៕សុខ ខេមរា