ខេត្តបន្ទាយមានជ័យ ÷ ក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះយកសំណាកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសហការជាមួយក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលខេត្ត បន្តពន្លឿនការយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជំរុញការកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្តែង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានបំបែកជា ២ក្រុម ដែល ១ក្រុម ចូលយកនៅរោងចក្រហាតឌីស(SC WADO) និងមួយក្រុមទៀតចូលយកនៅ មណ្ឌលសំចត ក្រុងប៉ោយប៉ែត។
គួរអោយកត់សម្គាល់ផងដែលថា បងប្អូនពលករ ដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មួយរយៈពេលនេះ គឺពួកគាត់បានសំរុកមកកម្ពុជាវិញ ទើបក្រុមគ្រូពេទ្យជួរមុខ យកសំណាកជូនពួកគាត់ ទាំងថ្ងៃទាំងយប់ ដើម្បីពន្លឿននិងឆាប់បានកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលចេញប្រតិបត្តិការយកសំណាកមកទល់ពេលនេះ កងកម្លាំងយោធិនសុខាភិបាល បំពេញប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដែលអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម និងឣាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ កាត់ផ្តាច់ការឆ្លងរីករាលដាលដែលជាហានិភ័យធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕
ដោយ៖ សូរិយា