នៅក្នុងខែមិថុនាឆ្នាំ២០២១! ប្រទេសប្រេស៉ីល​ ភ្លើងឆេះនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន​ សរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍​របស់​អាជ្ញាធរ​ប្រទេសប្រេស៉ីល បានកំណត់ត្រាចំនួនភ្លើងឆេះព្រៃច្រើនបំផុត នៅតំបន់ព្រៃទាក់ទាញទឹកភ្លៀង «អាម៉ាហ្សូន» សម្រាប់ខែមិថុនា គិតក្នុងអំលុងពេល១៤ឆ្នាំចុងក្រោយនេះ ចំពោះមុខក្តីបារម្ភថា អាកាសធាតុក្តៅហួតហែងខ្លាំង នៅតាមផ្នែកជាច្រើននៃប្រទេសអាមេរិកខាងត្បូងមួយនេះ អាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ សម្រាប់កំលុងពេលប៉ុន្មានខែខាងមុខថែមទៀត។

របាយការណ៍​ដដែល​ បានបញ្ជាក់ថា​ នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ​ ភ្លើងឆេះព្រៃសរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៉ីល ដែលវាជាការកើនឡើង២.៧ភាគរយ បេីធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដោយនៅពេលនោះចំនួនភ្លើងឆេះព្រៃ ក៏បានបំបែកកំណត់ត្រាសម្រាប់រយៈពេល ១៣ឆ្នាំចុងក្រោយផងដែរ។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណាមិញ ខែមិថុនា គ្រាន់តែជាការចាប់ផ្តើមនៃរដូវក្តៅហួតហែង នៅតំបន់អាម៉ាហ្សូនប៉ុណ្ណោះ។ ដូច្នេះហើយក្រុមអ្នកការពារបរិស្ថាន បានបង្ហាញក្តីបារម្ភថា ភ្លើងឆេះព្រៃទំនងជានឹងមានចំនួនកាន់តែច្រើនថែមទៀត នៅកំលុងប៉ុន្មានខែបន្ទាប់នេះ។

សូមជម្រាបថា​ ភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូនភាគច្រើនបំផុត កើតឡើងដោយសារទង្វើមនុស្ស តាមរយៈការកាប់ព្រៃខុសច្បាប់ ហើយដុតភ្លើងដើម្បីសំអាតយកដី ខណៈការកើតមានតាមកត្តាធម្មជាតិគឺជារឿងកម្រ ប៉ុន្តែអាកាសធាតុក្តៅហួតហែង អាចធ្វើឲ្យភ្លើងឆេះព្រៃទាំងនោះ ពិបាកនឹងគ្រប់គ្រងបាន។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ ប្រធានាធិបតីប្រេស៉ីល លោក ជែរ បុលសូណារ៉ូ (Jair Bolsonaro) កាលពីដើមសប្តាហ៍នេះ​ បានចេញបម្រាមលើសកម្មភាពដុតភ្លើងភាគច្រើន សម្រាប់រយៈពេល៣ខែ ដើម្បីជាវិធានការបង្ការហើយបានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីការពារតំបន់ព្រៃអាម៉ាហ្សូនពីភ្លើងឆេះ ក៏ដូចជាការកាប់បំផ្លាញ។​ ប៉ុន្តែ​យ៉ាងណាក្តី គោលការណ៍នេះ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលប្រេស៉ីលដាក់ចេញកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ផងដែរ ក៏ប៉ុន្តែនៅតែមិនអាចកាត់បន្ថយអត្រាកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃបានឡើយ នៅតំបន់អាម៉ាហ្សូន។

គួរបញ្ជាក់ថា​ សម្រាប់ពេញមួយឆ្នាំ២០២០ ចំនួនភ្លើងឆេះព្រៃសរុបនៅទីនោះ បានកើនដល់កម្រិតខ្ពស់បំផុត ក្នុងកំឡុងពេល៤ឆ្នាំចុងក្រោយ ខណៈការកាប់ព្រៃឈើបានឈានដល់អត្រាខ្ពស់ខ្លាំងដូចគ្នា ក្នុងកំឡុងពេល១២ឆ្នាំចុងក្រោយផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print