អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីរបាយការណ៍របស់អាជ្ញាធរប្រទេសប្រេស៉ីល បានកំណត់ត្រាចំនួនភ្លើងឆេះព្រៃច្រើនបំផុត នៅតំបន់ព្រៃទាក់ទាញទឹកភ្លៀង «អាម៉ាហ្សូន» សម្រាប់ខែមិថុនា គិតក្នុងអំលុងពេល១៤ឆ្នាំចុងក្រោយនេះ ចំពោះមុខក្តីបារម្ភថា អាកាសធាតុក្តៅហួតហែងខ្លាំង នៅតាមផ្នែកជាច្រើននៃប្រទេសអាមេរិកខាងត្បូងមួយនេះ អាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ សម្រាប់កំលុងពេលប៉ុន្មានខែខាងមុខថែមទៀត។
របាយការណ៍ដដែល បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ភ្លើងឆេះព្រៃសរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៉ីល ដែលវាជាការកើនឡើង២.៧ភាគរយ បេីធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដោយនៅពេលនោះចំនួនភ្លើងឆេះព្រៃ ក៏បានបំបែកកំណត់ត្រាសម្រាប់រយៈពេល ១៣ឆ្នាំចុងក្រោយផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាមិញ ខែមិថុនា គ្រាន់តែជាការចាប់ផ្តើមនៃរដូវក្តៅហួតហែង នៅតំបន់អាម៉ាហ្សូនប៉ុណ្ណោះ។ ដូច្នេះហើយក្រុមអ្នកការពារបរិស្ថាន បានបង្ហាញក្តីបារម្ភថា ភ្លើងឆេះព្រៃទំនងជានឹងមានចំនួនកាន់តែច្រើនថែមទៀត នៅកំលុងប៉ុន្មានខែបន្ទាប់នេះ។
សូមជម្រាបថា ភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូនភាគច្រើនបំផុត កើតឡើងដោយសារទង្វើមនុស្ស តាមរយៈការកាប់ព្រៃខុសច្បាប់ ហើយដុតភ្លើងដើម្បីសំអាតយកដី ខណៈការកើតមានតាមកត្តាធម្មជាតិគឺជារឿងកម្រ ប៉ុន្តែអាកាសធាតុក្តៅហួតហែង អាចធ្វើឲ្យភ្លើងឆេះព្រៃទាំងនោះ ពិបាកនឹងគ្រប់គ្រងបាន។
ដោយឡែកជុំវិញបញ្ហានេះដែរ ប្រធានាធិបតីប្រេស៉ីល លោក ជែរ បុលសូណារ៉ូ (Jair Bolsonaro) កាលពីដើមសប្តាហ៍នេះ បានចេញបម្រាមលើសកម្មភាពដុតភ្លើងភាគច្រើន សម្រាប់រយៈពេល៣ខែ ដើម្បីជាវិធានការបង្ការហើយបានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីការពារតំបន់ព្រៃអាម៉ាហ្សូនពីភ្លើងឆេះ ក៏ដូចជាការកាប់បំផ្លាញ។ ប៉ុន្តែយ៉ាងណាក្តី គោលការណ៍នេះ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលប្រេស៉ីលដាក់ចេញកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ផងដែរ ក៏ប៉ុន្តែនៅតែមិនអាចកាត់បន្ថយអត្រាកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃបានឡើយ នៅតំបន់អាម៉ាហ្សូន។
គួរបញ្ជាក់ថា សម្រាប់ពេញមួយឆ្នាំ២០២០ ចំនួនភ្លើងឆេះព្រៃសរុបនៅទីនោះ បានកើនដល់កម្រិតខ្ពស់បំផុត ក្នុងកំឡុងពេល៤ឆ្នាំចុងក្រោយ ខណៈការកាប់ព្រៃឈើបានឈានដល់អត្រាខ្ពស់ខ្លាំងដូចគ្នា ក្នុងកំឡុងពេល១២ឆ្នាំចុងក្រោយផងដែរ៕ដោយ៖ស តារា