ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងហ្វេសប៊ុកមុននេះបន្តិចថា ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook គឺខ្ញុំតែងតែទទួលបាននូវព័ត៌មាន ក៏ដូចជាសំណូមពរផ្សេងៗពីបងប្អូនជនរួមជាតិមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ទោះបីរវល់ក្នុងកិច្ចការរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏ខ្ញុំតែងឆ្លៀតពេលអានសារ សំណូមពរ និងដោះស្រាយបញ្ហាជូនបងប្អូនជនរួមជាតិដែលបានទំនាក់ទំនងមកខ្ញុំតាមរយៈ Facebook។ ច្បាស់ណាស់គឺ Facebook កំពុងក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃរដ្ឋាភិបាលអេឡិកត្រូនិក (E-Government) ដែលធ្វើអោយខ្ញុំកាន់តែនៅជិតបងប្អូន និងមានឱកាសកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានានាជូនបងប្អូនបានឆាប់រហ័សទៀតផង។
ទន្ទឹមនឹងនេះ សូមរៀមច្បងអធិរាជ Facebook មេត្តាយោគយល់ផង ព្រោះថា Facebook របស់ខ្ញុំគឺមិនមែនដើម្បីប្រកួតប្រជែងយកប្រជាប្រីយភាពជាមួយអ្នកណាឡើយ ហើយខ្ញុំក៏គ្មានឥទ្ឋិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Likes ពីឥណ្ឌាបានដែរ។ ក្រុមហ៊ុនហ្វេសប៊ុគគឺគេមានក្រិតក្រម (Policy) ច្បាស់ លាស់ណាស់ ហើយវារិតតែខុសទៅទៀតនៅពេលដែលចោទខ្ញុំថាបានបញ្ជាអោយបង្កើត Account មិនពិត (Fake Accounts) មក Likes ទំព័រខ្ញុំ នេះគឺគួរអោយអស់សំណើច។ បើល្ងង់មិនចេះលេង Facebook មកសួរខ្ញុំក៏បាន។ បើអ្នកចេះប្រើគឺគេដឹងច្បាស់ណាស់ថា Facebook របស់ខ្ញុំគឺកំពុងពេញនិយមបំផុត សូមបីតែ Post Likes ខ្ញុំម្តងៗគឺបានរាប់ម៉ឺន។ ថ្មីៗនេះ សូម្បីតែខ្ញុំបង្ហោះរូបភរិយាខ្ញុំរែកទឹកត្នោតក៏ទទួលបានការគាំទ្រជាង ១០ម៉ឺន Likes ដែរ។ តែបើមិនសុខចិត្តទេ ទៅតវ៉ាជាមួយក្រុមហ៊ុន Facebook ទៅ។ តែចំពោះខ្ញុំគឺសប្បាយចិត្ត និងមានមោទនៈភាពដែលមានទាំងពលរដ្ឋខ្មែរក្នុងប្រទេស និងបរទេសស្រឡាញ់ចូលចិត្តគាំទ្រ (Likes) ទំព័រ Facebook ខ្ញុំ។ ល្មមហើយ បើចាញ់ហើយ គឺត្រូវទទួលស្គាល់ថាចាញ់ទៅគឺវាគ្មានអ្វីអន់ទេ!
សូមជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសំណាងល្អគ្រប់គ្នា ហើយសូមអរគុណដែលបាន Likes ទំព័រ Facebook ខ្ញុំ ៕
ដោយ៖ សុវណ្ណារ៉ា