អន្តរជាតិ៖ មនុស្សចំនួន ៩នាក់ ត្រូវបានប៉ូលីសហុងកុងចាប់ឃាត់ខ្លួនចំពោះការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មបន្ទាប់ពីការរកឃើញផែនការប៉ុនប៉ងមួយដើម្បីផលិតគ្រឿងផ្ទុះ និងបង្កប់គ្រាប់បែកនៅពាសពេញទីក្រុង។ នេះបេីតាមការបញ្ជាក់ពីប៉ូលីសហុងកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃអង្គារទី០៦ ខែកក្កដា ឆ្នាំ២០២១។
សូមជម្រាបថា ចំពោះការចាប់ខ្លួននេះ បានកើតឡើងចំពេលមានការបែកបាក់ផ្នែកនយោបាយនៅទីក្រុងហិរញ្ញវត្ថុរបស់ចិនមួយនេះ នៅ២ឆ្នាំ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រាប់ខែកន្លងមកនេះ។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួន មាន៦នាក់ជាសិស្សសាលា។ ចំណែកបុរសហុងកុងម្នាក់ បានចាក់ប៉ូលីសម្នាក់នឹងកាំបិត មុនសម្លាប់ខ្លួនឯងកាលពីសប្តាហ៍មុន ។
ប៉ូលីសហុងកុង បានថ្លែងបន្តថា ក្រុមនេះប៉ុនប៉ងផលិតគ្រឿងផ្ទុះTATPនៅក្នុងបន្ទប់សណ្ឋាគារមួយ បន្ទាប់ពីពួកគេមានផែនការប្រើវាដើម្បីវាយប្រហារតុលាការ នៅរូងក្រោមដី ផ្លូវរថភ្លើងនិងថែមទាំងមានផែនការដាក់គ្រាប់បែកផលិតអាយទាំងនេះនៅក្នុងធុងសម្រាមនៅតាមដងផ្លូវថែមទៀតដើម្បីបង្កចលាចល។
បើតាមការបញ្ជាក់ពីអាជ្ញាធរហុងកុង បាននិយាយថា គេចាប់បានឧបករណ៍ផលិតនិងសារធាតុប្រើសំរាប់ផលិតគ្រាប់បែកTATP ព្រមទាំងរំសេវផ្ទុះមួយចំនួន។ ចំណែកគ្រាប់បែកច្នៃប្រភេទTATPនេះ ត្រូវបានប្រើសំរាប់វាយប្រហារភេរវកម្មនៅទូទាំងពិភពលោក។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៩កន្លងទៅ ប៉ូលីសហុងកុង បានចាប់មនុស្សជាច្រើនចំពោះការមានគំរោងវាយប្រហារដោយគ្រាប់បែកនិងផលិតគ្រាប់បែកTATP។
ដោយឡែកប៉ូលីសហុងកុង បានអះអាងបន្ថែមទៀតថា ក្រុមនេះមានផែនការចាកចេញពីហុងកុងក្រោយបានប្រព្រឹត្តវិច្ឆេទកម្មនៅហុងកុង៕ដោយ៖ស តារា