អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោក តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវតែរួមដៃគ្នា ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយពីសំណាក់រដ្ឋាភិបាលចិន ហើយដែលការអត្ថាធិប្បាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។
បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារទី០៦ ខែកក្កដា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីឧបនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso បានធ្វើការកត់សម្គាល់នៅឯវេទិការៃអង្គាសប្រាក់ សម្រាប់គណបក្សនយោបាយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ ដោយថែមទាំងសង្កត់ធ្ងន់ផងដែរថា៖ ការវាយប្រហារលើកោះតៃវ៉ាន់ គួរតែត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដោយកម្លាំងខាងក្រៅ ដែលនេះអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិការពារខ្លួន។
សូមជម្រាបថា ចំពោះការលើកឡើងបែបនេះរបស់ លោកឧបនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ជាការត្រៀមលក្ខណៈសម្រាប់ជម្លោះជាមួយចិន ជុំវិញកោះតៃវ៉ាន់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក មិនបានទទួលស្គាល់តៃវ៉ាន់ជាប្រទេសឡើយ ដោយអនុវត្តគោលនយោបាយចិនតែមួយ។ តែទោះជាបែបនេះក្ដី ទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាទំនាក់ទំនងមិនផ្លូវការ ជាមួយកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការលក់អាវុធជាដើមផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) ក៏បានប្រតិកម្មឆ្លើយតបចំពោះបញ្ហាខាងលើនេះ ដោយបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី០៦ ខែកក្កដា ឆ្នាំ២០២១ថា៖ «ការលើកឡើងរបស់លោក តារ៉ូ អាសូ ឧបនាយករដ្ឋមន្ត្រីជប៉ុន បាននិងកំពុងបំផ្លាញដល់ទំនាក់ទំនងនយោបាយ ជាមូលដ្ឋានរវាងចិន និងជប៉ុន»៕ដោយ៖ស តារា
រូបភាព៖ឯកសារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian)