មន្រ្តីជាន់ខ្ពស់ជប៉ុន​ បញ្ជាក់​ថា​៖​ ចង់រួមដៃជាមួយអាមេរិក ដើម្បីការពារកោះតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការលើកឡើងរបស់​លោក តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រីជប៉ុន​ បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក​ ត្រូវតែរួមដៃគ្នា ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយពីសំណាក់រដ្ឋាភិបាលចិន ហើយដែលការអត្ថាធិប្បាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។

បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារទី០៦ ខែកក្កដា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ឧបនាយករដ្ឋមន្ត្រីជប៉ុន​ លោក Taro Aso បានធ្វើការកត់សម្គាល់នៅឯវេទិការៃអង្គាសប្រាក់ សម្រាប់គណបក្សនយោបាយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទទី០៥​ ខែកក្កដា​ ឆ្នាំ​២០២១ថ្មី​ៗនេះ ដោយថែមទាំងសង្កត់ធ្ងន់ផងដែរថា៖ ការវាយប្រហារលើកោះតៃវ៉ាន់ គួរតែត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដោយកម្លាំងខាងក្រៅ ដែលនេះអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិការពារខ្លួន។

សូមជម្រាបថា​ ចំពោះ​ការលើកឡើងបែបនេះរបស់​ លោកឧបនាយករដ្ឋមន្ត្រីជប៉ុន​ បានធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា៖​ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន​ បានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ជាការត្រៀមលក្ខណៈសម្រាប់ជម្លោះជាមួយចិន ជុំវិញកោះតៃវ៉ាន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក មិនបានទទួលស្គាល់តៃវ៉ាន់ជាប្រទេសឡើយ ដោយអនុវត្តគោលនយោបាយចិនតែមួយ។ តែទោះជាបែបនេះក្ដី ទីក្រុងវ៉ាស៊ីនតោន​ នៅតែរក្សាទំនាក់ទំនងមិនផ្លូវការ ជាមួយកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការលក់អាវុធជាដើមផងដែរ។

ដោយឡែក​ជុំវិញករណីនេះដែរ​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) ក៏បានប្រតិកម្មឆ្លើយតបចំពោះបញ្ហាខាងលើនេះ​ ដោយ​បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី០៦​ ខែកក្កដា​ ឆ្នាំ​២០២១ថា៖ «ការលើកឡើងរបស់លោក​ តារ៉ូ អាសូ ឧបនាយករដ្ឋមន្ត្រីជប៉ុន​ បាននិងកំពុងបំផ្លាញដល់ទំនាក់ទំនងនយោបាយ ជាមូលដ្ឋានរវាងចិន និងជប៉ុន»៕ដោយ​៖ស​ តារា​

​រូបភាព​៖ឯកសារ​ លោក តារ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រីជប៉ុន​

រូបភាព​៖ឯកសារ​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print