ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដាក់ពន្ធនាគារព្រៃជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិអ្នកដទៃ)។
ជនជាប់ចោទរូបនេះមានឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទខាងលេីនេះ ត្រូវបានកម្លាំងជំនាញ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ៤រសៀល ពាក់ព័ន្ធករណីលួចគាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលជនរងគ្រោះមានឈ្មោះ ស៊ាង វួចណៃ ភេទស្រី ស្នាក់នៅផ្ទះលេខ V៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។
របាយការណ៍ដដែល បន្តថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១និង៣០នាទីយប់ ជនសង្ស័យបានដើរចេញពីផ្ទះជួលទៅពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ លុះដល់ពាក់កណ្តាលយប់ជនសង្ស័យរូបនេះក៏បានឡើងតាមដំបូលខាងក្រោយ នៅចំណុចផ្ទះជនរងគ្រោះ រួចធ្វើសកម្មភាពដោយយកដៃទាញគាស់បង្អូចដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានសម្រេច និងគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ចំណែកសម្ភារបាត់បង់របស់ជនរងគ្រោះរួមមាន៖ មាសមួយដុំទម្ងន់កន្លះគីឡូ, ប្រាក់រៀលចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, ពេជ្រ២ឈុតតម្លៃ៣៨,០០០ដុល្លារអាមេរិក និងទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ប្រូ ចំនួន១គ្រឿង។
គួរជម្រាបថា បន្ទាប់ពីមានករណីខាងលេីនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ជានាយការិយាល័យ បើកការស៊ើបអង្កេត និងស្រាវជ្រាវលើករណីនោះ រហូតឈានដល់ការចាប់ខ្លួនមុខសញ្ញាជាចោរគាស់ផ្ទះនោះតែម្តង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានហើយ សមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរម៉ឺនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន១គ្រឿងម៉ាក LONGINE ខ្សែពណ៌ខ្មៅ, ទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ីចម៉េក ពណ៌ទឹកមាស១គ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ១១ ProMax ពណ៌បៃតង ១គ្រឿង ។
បច្ចុប្បន្នជនជាប់ចោទ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន បន្ទាប់ពីតុលាការចេញដីកាសម្រេចចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិអ្នកដទៃ)៕ដោយ៖សហការី