ខេត្តព្រៃវែង ៖ អាជ្ញាធរស្រុកពាមរក៍ ខេត្តព្រៃវែង បានសម្រេចបិទអាហារដ្ឋានធំមួយយីហោ” អមតៈ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់អ្នកលឿង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដំបូងឡេីយបន្ទាប់ពីរកឃើញនារី២នាក់ ដែលធ្វើការក្នុងហាងនេះមានវិជ្ជមានជំងឺកូវីដ-១៩។
បេីតាមការបញ្ជាក់ពីប្រធានការិយាល័យសុខាភិបាលស្រុកពាមរក៌ លោកវេជ្ជបណ្ឌិត អ៊ិន ពៅ បានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យជំនាញស្រុក កាលពីរសៀលថ្ងៃទី៦ កក្កដាម្សិលមិញនេះ បានយកសំណាកនារី២នាក់ ដែលធ្វើការនៅក្នុងអាហារដ្ឋានយីហោ” អមតៈ” ហើយលទ្ធផលឃើញវិជ្ជមានជំងឺកូវីដ១៩ ក៏បានដាក់អ្នកទាំង២អោយនៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមតែម្តង។
លោកប្រធានការិយាល័យសុខាភិបាលស្រុក បានបន្តថា ក្រោយពីដឹងថា អ្នកទាំង២ខាងលើ ធ្វើការនៅក្នុងហាងអាហារដ្ឋាន អមតៈ ទើបនៅថ្ងៃដដែលនោះ អាជ្ញានិងក្រុមគ្រូពេទ្យជំនាញ បានបន្តចុះទៅយកសំណាកមនុស្សនៅក្នុងហាងអមតៈបន្តទៀត ដោយសរុបទាំងបុគ្គលិកនិងម្ចាស់ហាងទាំងអស់៥១នាក់ ហើយជាលទ្ធផលបានរកឃើញបុគ្គលិកចំនួន១៥នាក់ទៀត ( ប្រុសម្នាក់ ) មានវិជ្ជមានជំងឺកូវីដ១៩ ហើយក៏ប្រមូលអ្នកទាំង១៥នាក់នោះ យកមកដាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់។ ដោយឡែកម្ចាស់ហាង និងបុគ្គលិក៣៦នាក់ផ្សេងទៀត គឺត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅក្នុងហាងតែម្តង៕ដោយ៖សហការី