ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ គណៈប្រតិភូខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពកងវរៈសេនាតូចលេខ៣៩២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតនៅភូមិអូរជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដឹកនាំចុះសួរសុខទុក្ខ និងនាំយកសម្ភារគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនទៅចែកផ្តល់ជូនកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅទិសព្រះវិហារ៤៥០នាក់។
នៅក្នុងឧិកាសសំណេះសំណាលជាមួយបងប្អូនកងទ័ពវរៈសេនាតូចលេខ៣៩២នៅ តំបន់ព្រះវិហារ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើង ការពារនៅព្រំដែនទិសប្រាសាទព្រះវិហារនេះប្រកបដោយមនោសញ្ចេតនា ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត។ ទន្ទឹមនឹងនេះផងដែរ លោកអភិបាលខណ្ឌមានជ័យ និងលោកអភិបាលខណ្ឌច្បារអំពៅក៏បានសំដែងនូវការកោតសសើរដោយស្មោះចំពោះគំរូវីរភាពលះបង់ សាច់ស្រស់ ឈាមស្រស់ ក៏ជាការលះបង់នូវមនោសញ្ចេតនាពីក្រុមគ្រួសារប្រកបដោយទឹកចិត្តស្នេហាជាតិខ្ពស់ដើម្បីមកបំពេញភារកិច្ចការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។
លោក ពេជ្រ កែវមុនី ក៏បានមានប្រសាសន៍លើកឡើងបន្ថែមថា ទោះបីស្ថានភាពនៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់យ៉ាងនេះក្តីប្រជាជននៅក្នុងរាជធានីភ្នំពេញទាំងមូល ជាពិសេសប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌមានចំការមននៅតែបន្តយកចិត្តទុកដាក់អំពីជីវភាពកងទ័ពនៅសមរភូមិមុខ មិនដែលភ្លេចឡើយ។ នេះសបញ្ជាក់ឲ្យឃើញថាការចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិជួរ ក្រោយជាមួយនិងសមរភូមិជួរមុខគឺមានឆន្ទះតែមួយក្នុងបុព្វហេតុជាតិនិងមាតុភូមិគឺក្នុងគោលបំណងការពារបូរណភាពទឹកដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។
លោកអភិបាលខណ្ឌមានជ័យបន្តថា បញ្ហាព្រំដែនជាបញ្ហាសម្រាប់ជាតិដែលយើងត្រូវយកចិត្តទុកដាក់បំផុត ហើយកន្លងមកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវនយោបាយកសាងប្រែក្លាយតំបន់ព្រំដែនរបស់ប្រទេសកម្ពុជាជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបតិ្តការ។
ជាមួយគ្នានេះផងដែរគណៈប្រតិភូខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន បាននាំយកនូវអំណោយមកចែកផ្តល់ជូនកងទ័ពវរៈសេនាតូចលេខ៣៩២ រួមមាន៖ អង្ករផ្កាខ្ញី៥០០គីឡូក្រាម ប្រហុក៨០គីឡូក្រាម ផ្អក២០គីឡូក្រាម ទឹកដោះគោឆៅ៧០កេស បារីសេក២៥០០កញ្ចប់ មីម៉ាម៉ាចំនួន៥៤០កញ្ចប់ សៀងចំនួន៣ប៊ីដុង ក្នុងនោះមានទឹកផ្លែ ឈើ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស៊ីនបូមទឹក១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង ត្រង់ទីន័រ ២គ្រឿង និងប្រេង១០០០លីត្រផងដែរ។ ដោយឡែកក្នុងនោះកងទ័ព៤៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល និងផ្តល់ជូនកងវរៈសេនាតូចលេខ៣៩២ ចំនួន២លានរៀលផងដែរ៕
ដោយ៖ តាឡឹម