សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកគាំទ្ររហូតដល់១.០០០ នាក់នឹងអាចធ្វើដំណើរទៅក្រៅប្រទេសទៅកាន់ទីក្រុងឡុងសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ២០២០ នៅរាត្រីថ្ងៃអាទិត្យនេះបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាជ្ញាធរអង់គ្លេស។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន iol.co.za បានបង្ហាញថា ដោយសារតែតម្រូវការដាច់ខាតពីលក្ខខណ្ឌការពារជំងឺ Covid-19 សម្រាប់ភ្ញៀវទេសចរទៅកាន់ចក្រភពអង់គ្លេស អ្នកគាំទ្រមកពីខាងក្រៅ មិនអាចចូលរួមប្រកួតបាន២លើកកន្លងមករបស់អ៊ីតាលីនៅឯកីឡដ្ឋាន Wembley ក្នុងវគ្គ១៦និងពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនេះអាជ្ញាធរអង់គ្លេសបានធានាដល់ប្រជាជនចំនួន១.០០០នាក់ពីប្រទេសអ៊ីតាលីនូវលទ្ធភាពនៃការធ្វើដំណើរទៅកាន់ទីក្រុងឡុងដោយមានតំរូវការជាច្រើនដែលត្រូវគោរព ប៉ុន្តែមិនមានការបែងចែកនៅក្នុងកីឡដ្ឋាននៅអង់គ្លេសនោះទេ។
អ្នកគាំទ្រនឹងមកដល់ទីក្រុងឡុងមុនពេលចាប់ផ្តើមប្រកួត ហើយនឹងស្នាក់នៅមិនលើសពី១២ម៉ោង។ ពួកគេនឹងប្រើជើងហោះហើរត្រង់ និងការដឹកជញ្ជូនដែលបានរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អ៊ីតាលី FIGC ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា នៅខាងក្នុងពហុកីឡាដ្ឋានអ្នកគាំទ្រធ្វើដំណើរនឹងត្រូវអង្គុយនៅតំបន់ជាក់លាក់មួយដើម្បីធានានូវសុវត្ថិភាពហេតុការណ៍កើតឡើង និងការពារសុវត្ថិភាពសុខភាពផងដែរ។
មុនពេលចាកចេញពីប្រទេសអ៊ីតាលីអ្នកទស្សនានឹងត្រូវឆ្លងកាត់ការសាកល្បងធ្វើតេស្ត PCR ហើយត្រូវស្នាក់នៅក្នុងផ្ទះដាច់ដោយឡែករយៈពេល៥ថ្ងៃនៅពេលដែលពួកគេវិលត្រឡប់ទៅប្រទេសវិញដោយអនុលោមតាមច្បាប់អ៊ីតាលីសម្រាប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពីអង់គ្លេស។ សហព័ន្ធបាននិយាយថា ជើងហោះហើរនឹងត្រូវចំណាយ៦១០អឺរ៉ូសម្រាប់មនុស្សម្នាក់ ដោយបូករួមសំបុត្រសម្រាប់ការប្រកួតត្រូវបានលក់ក្នុងតម្លៃ៩៥អឺរ៉ូ។
FIGC នឹងទទួលបានសំបុត្រប្រហែល៦.៥០០សម្រាប់អ្នកគាំទ្រអ៊ីតាលីដែលរស់នៅចក្រភពអង់គ្លេសដែលជាការចែកដូចគ្នានឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារពេលប្រកួតទល់នឹងអេស្ប៉ាញដែរ។
គួររំលឹកថា អ៊ីតាលីបានយកឈ្នះអេស្ប៉ាញក្នុងលទ្ធផល ៤-២ លើបាល់ប៉េណាល់ទីក្រោយលទ្ធផលស្មើគ្នា ១ទល់១ ។ ក្រុមរបស់លោក Roberto Mancini កំពុងព្យាយាមដណ្តើមពានរង្វាន់ជើងឯកអឺរ៉ុបលើកដំបូងរបស់ប្រទេសនេះក្រោយពីខកខានចាប់តាំងពីឆ្នាំ១៩៦៨ ៕ (រូបថត ៖ iol.co.za) ដោយ៖ភារៈ