ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាក់ស្តែងជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង ៤នាក់ ដែលត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទី១-ឈ្មោះ ភិន ដាលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតូបអ៊ុតសក់ ផ្សារទួលពង្រ សង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ (ជួញដូរ) ទី២-ឈ្មោះ ឆេង សង្ហា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ (ប្រើប្រាស់) ទី៣-ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ (ប្រើប្រាស់) និងទី៤-ឈ្មោះ ដារ៉ូ ម៉ីម៉ី ហៅ ម៉ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ (ប្រើប្រាស់) ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែង នៅចំណុចបន្ទប់ជួលលេខ២ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់បានជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ ឆេង សង្ហា ហៅ ញ៉ាញ់ ទី២-ឈ្មោះ គឹម ដែន ហៅ កណ្តុរ និងទី៣-ឈ្មោះ ដារ៉ូ ម៉ីម៉ី ហៅ ម៉ី ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ ១គ្រឿង ម៉ាក និច ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-4591 នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដង្កោធ្វើការសួរនាំ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោដដែលប្រាប់បន្តឲ្យដឹងថា ក្រោយពីធ្វើការសាកសួរបានចម្លើយសារភាពពីក្រុមជនសង្ស័យ សមត្ថកិច្ចបានបន្តប្រតិបត្តិការណ៍ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ភិន ដាលីន នៅត្រង់ចំណុចផ្លូវបេតុងចូលបុរី ឡាយ គង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ នាវេលារសៀលថ្ងៃខែដដែល ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ( ICE ) ចំនួន ២កញ្ចប់ ទម្ងន់ ៧.០៥ក្រាម ស្មើរតម្លៃ ៣០០ដុល្លា និងម៉ូតូ ១គ្រឿង ម៉ាក ស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-8403 នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់បន្តតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៤នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ជីម ភារ៉ា ដង្កោ