ភ្នំពេញ៖ រថយន្តម៉ាកCamry ហាយប្រ៊ីតស៊េរី២០០៧ ពណ៌ខ្មៅមួយគ្រឿងដែលត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរោងដែកក្បែរសាកលវិទ្យាល័យបញ្ញាជាតិ ផ្ទះលេខ៣០និង៣២ ផ្លូវ២១០ ភូមិ៣ ក្រុម១៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកកន្លងមកនេះ ត្រូវបានម្ចាស់រថយន្តទារសំណងទៅម្ចាស់ការ៉ាសរងគ្រោះដោយអគ្គីភ័យនេះនូវទឹកប្រាក់ចំនួន២មុឺនដុល្លាអាមេរិក ដែលការទាមទារនេះ ទំនងជាមិនងាយត្រូវរ៉ូវគ្នានោះទេ ។
តាមប្រភពព័ត៍មានពីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តម៉ាកCamry ហាយប្រ៊ីតស៊េរី២០០៧ ពណ៏ខ្មៅខាងលើ បានឲ្យគេយករថយន្តមួយគ្រឿងនេះមកបាញ់ថ្នាំនៅក្នុងការ៉ាសជួសជុលរថយន្តខាងលើ លុះដល់ថ្ងៃកើតហេតុក៏បានជួបគ្រោះអាក្រក់ដោយត្រូវអគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿងនេះម៉ត់តែម្តង ។
គួរបញ្ចាក់ផងដែរថា ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី១៩មីនាឆ្នាំ២០១៦ ភាគីខាងម្ចាស់រថយន្តរងគ្រោះបានទារសំណងទៅម្ចាស់ការ៉ាស ឲ្យសងថ្លៃខូចខាតរថយន្តរបស់ខ្លួនជាទឹកប្រាក់ចំនួន២មុឺនដុល្លាអាមេរិក ។
មន្ត្រីដដែរបានបន្តទៀតថា ករណីនេះសមត្ថកិច្ចក៏កំពុងតែជួយធ្វើការសម្របសម្រួលជាមួយភាគីទាំង២ផងដែរ ដើម្បីឈានទៅដល់បញ្ចប់រឿង។ ចំណែកឯម្ចាស់យាន្តដ្ឋានឈ្មោះ យុក សុភា ភេទប្រុស អាយុ៣៨ឆ្នាំ ផ្ទះលេខ៣០ ផ្លូវ២១០ ភូមិ៣ ក្រុម១៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
គួររំលឹកផងដែរថា នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ មានអគ្គីភ័យមួយបានឆាបឆេះឡើង នៅក្នុងរោងដែកក្បែរសាកលវិទ្យាល័យបញ្ញាជាតិ ផ្ទះលេខ៣០និង៣២ ផ្លូវ២១០ ភូមិ៣ ក្រុម១៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ដែលហេតុការណ៍នេះ បើយោងតាមជាងជួសជុលរថយន្តបានប្រាប់ថា មូលហេតុបណ្តាលឲ្យមានអគ្គីភ័យកើតឡើងដូច្នេះមកពីពេលកំពុងផ្សារក្ទៀតកំទិចទៅប៉ះធុងសាំងក៏បង្កជាអគ្គីភ័យឆាបឆេះម៉ូតូ១គ្រឿងហ្មត់និងរថយន្តCamry២០០៧មួយគ្រឿងហើយក៏រាលដាលទៅការ៉ាស់ជួសជុលរថយន្តមួយទៀតជាប់គ្នានៅខាងលិច។
ហើយក្នុងប្រតិបត្តិការណ៍នោះដោយប្រើរថយន្តពន្លត់អគ្គីភ័យ អស់ចំនួន៧គ្រឿង ដោយបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង និងមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕
ដោយ៖ ស ដារ៉ា