ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យពីរនាក់ត្រូវបានម្ចាស់ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបន្ទាប់ពីជនសង្ស័យនេះបានយកឥវ៉ាន់ដែលលួចបាន យកទៅលក់ប៉ះចំម្ចាស់ដើម ។ ដែលករណីនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ ក្នុងពេលដែលជនសង្ស័យដែលទិញរបស់ចោរកម្មយកទៅលក់អោយម្ចាស់ដើម ។
សមត្ថកិច្ចបានអោយដឹងថា ជនងសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ សុខ ភារុំ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជនសង្ស័យនេះសកម្មក្នុងការធ្វើសកម្មភាពលួចឥវ៉ាន់ក្នុងផ្សារឆ្នាំង និងម្នាក់ទៀតឈ្មោះឌិន ធីឡេ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្រ្តីនេះជាអ្នកទទួលទិញរបស់ជនសង្ស័យឈ្មោះសុខភារុំ ក្រោយពេលលួចបាន ។
សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះសុខភារុំ បានទៅលួចមើមខ្ទឹមសចំនួន១ការ៉ុងស្មើ២០គីឡូក្រាម ពីផ្សារឆ្នាំង មុខដើមស្រល់ ក្រោយពីជនសង្ស័យនេះលួចបានក៍នាំយកទៅលក់អោយស្រ្តីឈ្មោះឌិន ធីឡេ ក្រោយពីទទួលទិញហើយឈ្មោះឌិន ធីឡេ បានយកមើមខ្ទឹមសដែលជនសង្ស័យលួចយកមកលក់នោះ យកទៅលក់បន្តនៅក្នុងផ្សារហើយលក់ចំម្ចាស់ដើមដែលជាអ្នកបាត់ខ្ទឹម ក្រោយពីឃើញដូចនេះប្រជាពលរដ្ឋបានសួរនាំ និងបានប្តឹងសមត្ថកិច្ចអោយចាត់ការតែម្តង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះសុខ ភារុំ នេះ គឺជាអ្នកលួចដ៍សកម្មបំផុតនៅតាមផ្សារមួយចំនួន ប៉ះឥវ៉ាន់អីយកនោះ នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា