ខេត្តស្ទឹងត្រែង, អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេច បិទខ្ទប់ ភូមិវាលដេញ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាបណ្តោះ អាសន្ន រហូតដល់មានការចេញសេចក្តីសម្រេចថ្មី ។ ក្នុងនោះសម្រេច :
ប្រការ ១.…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នភូមិសាស្ត្រ “ចំណុចវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់”ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ការបិទខ្ទប់មូលដ្ឋានភូមិសាស្ត្រ “ចំណុចវាលដេញ” ជាបណ្តោះអាសន្ននេះ មានគោលបំណងដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។
ប្រការ ២.…ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្នមូលដ្ឋានភូមិសាស្ត្រនៅ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” អាជ្ញាធរ មូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ត្រូវ៖
– ចាត់តាំងឲ្យមានកងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន និងផ្នែកពាក់ព័ន្ធហាមឃាត់ មិនឲ្យមានសកម្មភាពចេញ-ចូលក្នុងមូលដ្ឋានភូមិសាស្ត្រដែលបានកំណត់ខាងលើ
– ផ្អាកការធ្វើដំណើរចេញ-ចូលចំពោះទីតាំងផ្ទះ ទីតាំងអាជីវកម្ម និងទីតាំងផ្សេងៗទៀតដែលបាន រកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩
– អ្នកដែលមានការប៉ះពាល់នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងផ្ទះ និងទីតាំងដែលមានករណីវិជ្ជមាន ជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក នៅតាមលំនៅឋានរៀងៗខ្លួនឲ្យបានខ្ជាប់ខ្ជួន និងធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩
– បន្តស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាកវត្ថុវិភាគ និងធ្វើ ចត្តាឡីស័ក អនុលោមទៅតាមវិធានការសុខាភិបាល និងបទដ្ឋានបច្ចេកទេសសុខាភិបាល
– អនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
ប្រការ ៣…ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្នមូលដ្ឋាន”ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ត្រូវបានលើកលែងករណីដូចខាងក្រោម៖
– ឲ្យធ្វើសកម្មភាពអាជីវកម្ម និងប្រកបមុខរបរជាធម្មតានៅក្នុងភូមិសាស្ត្របិទខ្ទប់ខាងលើ ចំពោះ តែទីតាំងផ្ទះ ទីតាំងអាជីវកម្ម និងទីតាំងផ្សេងៗទៀតដែលមិនមានការពាក់ព័ន្ធ និងប៉ះពាល់ ករណីវិជ្ជមានជំងឺកូវីដ-១៩ តាមការកំណត់របស់ផ្នែកជំនាញមានសមត្ថកិច្ច
– ការធ្វើដំណើរពីភូមិសាស្ត្រផ្សេងឆ្លងកាត់ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ទៅ កាន់ភូមិសាស្ត្រផ្សេងទៀតដែលមិនមែនជាទីតាំងភូមិសាស្ត្របិទខ្ទប់
– ការធ្វើដំណើរដោយមូលហេតុមានបញ្ហាសុខភាពបន្ទាន់ ឬ/និងមានការចាំបាច់ជាក់លាក់ក្នុងក្រុម គ្រួសារ ដែលមានលិខិតបញ្ជាក់ ឬ/និងអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើររបស់មន្រ្តី បុគ្គលិកសុខាភិបាល ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបំពេញបេសកកម្មការងារជូនអង្គភាពដែលមានឯកសារ និងលិខិតបញ្ជាក់
– ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ ដឹកស្បៀងអាហារ ដែលមានការបញ្ជាក់ពីគោលដៅចេញ ដំណើរ និងគោលដៅទៅដល់ច្បាស់លាស់
– ការធ្វើដំណើររបស់បុគ្គលិក កម្មករ និយោជិត ទៅបំពេញការងារក្នុងក្រុមហ៊ុន រោងចក្រ គ្រឹះស្ថាន សហគ្រាស ទីតាំងអាជីវកម្មដែលបាននិងកំពុងអនុញ្ញាតឲ្យបើកដំណើរការធម្មតា
– ការធ្វើដំណើរចាំបាច់ជាក់ស្ដែងផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការ ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៥…នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាល ស្រុកថាឡាបរិវ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពក្នុងខេត្តនិងគ្រប់អ្នកពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា