ភ្នំពេញ, នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីវិធានការធ្វើតេស្តរហ័សដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងទីស្តីការក្រសួងមហាផ្ទៃ ។
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងសូមណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញ ការងារក្នុងទីស្ដីការក្រសួង និងភ្ញៀវដែលមានភារកិច្ចចូលមកទំនាក់ទំនងការងារ ត្រូវអនុវត្តវិធានការធ្វើ តេស្ដរហ័សរកមេរោគកូវីដ-១៩ ដូចខាងក្រោម៖
១. ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារក្នុងទីស្ដីការក្រសួងមហាផ្ទៃត្រូវធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឱ្យចូល បម្រើការងារក្នុងការិយាល័យ។
២.សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាត ឱ្យធ្វើការទំនាក់ទំនងការងារ។
៣. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬ ជែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវដែលមានភារកិច្ចទំនាក់ ទំនងការងារជាមួយក្រសួងមហាផ្ទៃ ត្រូវចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សុខ ខេមរា