ភ្នំពេញ៖ បេីតាមការបញ្ជាក់របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវ:ចម្រុះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកអភិរក្ស កំពុងតែបីបាច់ថែរក្សាដោយដៃ ក្នុងការជួយសង្រ្គោះកូនស្វាព្រាមចំនួន ២ក្បាលនៅមជ្ឈមណ្ឌល។ ហើយនៅក្នុងចំណោមកូនស្វាព្រាមទាំងពីរក្បាលនេះ មានកូនស្វាព្រាមញីមួយក្បាលដែល បានមកដល់មជ្ឈមណ្ឌល កាលពី ពីរខែកន្លះមុនមកម្ល៉េះ។ បច្ចុប្បន្នកូនស្វាព្រាមញីមួយក្បាលនេះ កំពុងតែរីកធំធាត់គួរឱ្យកត់សំគាល់ ដោយវាចាប់ផ្តើមប្រែពណ៌ទៅជាខ្មៅ និងប្រផេះម្ដងបន្តិចហើយ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវ:ចម្រុះ បានបញ្ជាក់បន្ថែមថា ពេលទើបនឹងកើត កូនស្វាព្រាមមានពណ៌ទឹកក្រូចភ្លឺ ហើយពួកវាចាប់ផ្ដើមប្រែពណ៌ម្ដងបន្តិចទៅ ជាពណ៌ខ្មៅ និងប្រផេះ ដោយចាប់ផ្តើមប្រែពណ៌ដំបូងពីក្បាល រហូតដល់ដៃ កន្ទុយ និងជើងរបស់វា នៅពេលដែលវាធំពេញវ័យ គឺចន្លោះពី៣ខែ ទៅ៥ខែ បន្ទាប់ពីកើត។
សូមជម្រាបថា ស្វាព្រាមជាប្រភេទសត្វដែលចូលចិត្តរស់នៅជាក្រុម ហើយមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធនឹងគ្នាណាស់វាជាការចាំបាច់ក្នុងការហ្វឹកហាត់ជំនាញទាំងនេះពេលដែលវា នៅក្មេង។ ដូច្នេះហើយទើបអ្នកថែទាំរបស់វា ត្រូវតែឲ្យប្រាកដថា វាអាចចាប់ផ្តើម មានទំនាក់ទំនងជាមួយនឹងស្វាព្រាមផ្សេងទៀតបាន។
គួរបញ្ជាក់ថា ស្វាព្រាមធំមួយក្បាលនៅក្នុងរូបភាពនេះ ក៏បានមកដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវ:ចម្រុះប្រហែលជាពីរ ឬបីឆ្នាំមុន ក្នុងនាមជាកូនស្វាកំព្រាមួយក្បាលដូចជាវាដែរហើយឥឡូវនេះវានឹងក្លាយ ជាអ្នកបង្ហាត់ដ៏ល្អ សម្រាប់កូនស្វាព្រាមញីមួយនេះ៕ដោយ៖សហការី