ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។
យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា
ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩ )មានអាសយដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទម្ងន់ 3 គីឡូក្រាម (សុខភាពស្រ្ដីក្រោយវះកាត់និងទារកមានស្ថានភាពល្អប្រសើរ) ។
ប្រភពបន្តថាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១នឹង៥០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាននៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣ គីឡូក្រាម ដែលនេះជាករណីទី២៤ផងដែរសម្រាប់មន្ទីរពេទ្យខេត្តនិងសូមប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ចំណែកនៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១នឹង២៤ នាទី រសៀលមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលបានជួយសម្រាលកូនស្រ្តីមានផ្ទៃពោះគ្រប់ខែ(៤០សប្តាហ៍)កូនទី២ម្នាក់ឈ្មោះ យិន កញ្ញា ភេទស្រីអាយុ ៣១ឆ្នាំ ដែលមានវិជ្ជមានមេរោគកូវីដ-១៩ បានដោយជោគជ័យ សម្រាលបានទារកភេទប្រុស ទម្ងន់៣គីឡូក្រាម នេះជាករណីទី៥ហើយសម្រាប់មន្ទីរពេទ្យបង្អែកសាមគ្គីក្នុងការជួយសម្រាលកូនដល់ស្រ្តីផ្ទៃពោះហើយមានវិជ្ជមានកូវីដ-១៩។
ក្រោយសម្រាលម្តាយ និងកូនង៉ែតមានសុខភាពល្អ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។
សូមបញ្ជាក់ជូនថា ស្រ្តីខាងលើមានអាសយដ្ឋានភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
ជាមួយគ្នានេះក្រុមគ្រូពេទ្យសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនទាំង៣នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន