មិនធម្មតាឡើយ! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងនិងគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបន្តជួយសម្រាលកូននិងវះកាត់ដល់ស្ត្រីខ្មែរ៣នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។

យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា
ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩ )មានអាសយដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទម្ងន់ 3 គីឡូក្រាម (សុខភាពស្រ្ដីក្រោយវះកាត់និងទារកមានស្ថានភាពល្អប្រសើរ) ។

ប្រភពបន្តថាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១នឹង៥០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាននៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣ គីឡូក្រាម ដែលនេះជាករណីទី២៤ផងដែរសម្រាប់មន្ទីរពេទ្យខេត្តនិងសូមប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។

ចំណែកនៅថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ វេលា​ម៉ោង​១នឹង២៤ នាទី​ រសៀលមន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​បាន​ជួយ​សម្រាល​កូន​ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​(៤០​សប្តាហ៍)​កូន​ទី​២ម្នាក់​ឈ្មោះ​  យិន​ កញ្ញា​ ភេទ​ស្រី​អាយុ​ ៣១​ឆ្នាំ​ ដែល​មាន​វិជ្ជមាន​មេរោគ​កូវីដ​-១៩ បាន​ដោយ​ជោគ​ជ័យ​  សម្រាល​បាន​​ទារក​ភេទ​ប្រុស​ ទម្ងន់​៣គីឡូក្រាម នេះ​ជា​ករណី​ទី​៥ហើយ​សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​ក្នុង​ការ​ជួយ​សម្រាល​កូន​ដល់​ស្រ្តី​ផ្ទៃពោះ​ហើយ​មាន​វិជ្ជមាន​កូវីដ​-១៩​។

ក្រោយ​សម្រាល​ម្តាយ​ និង​កូន​ង៉ែត​មាន​សុខភាព​ល្អ​ កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល។
សូម​បញ្ជាក់​ជូន​ថា​ ស្រ្តី​ខាង​លើ​មាន​អាសយដ្ឋាន​ភូមិ​ក្រូច​ ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង។
ជាមួយគ្នានេះក្រុមគ្រូពេទ្យសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។

ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនទាំង៣នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាក្រុមគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល

ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print