ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តFordពីចំហៀងខាងឆ្វេងពេញទំហឹង កាលវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IR-7035 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្ត Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ -7911 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើត ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ចំណែករថយន្តFordបានរងការខូចខាត តែភ្លាមៗមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោតបើកទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់ ។
ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាម៉ុយដឹកយកទៅព្យាបាលរបួស ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ