អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បន្ទាប់ពីការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជិតសម្រេចជាស្ថាពរ។
ទីភ្នាក់ងារព័ត៌មាន AP បាននិយាយបន្ថែមថា ការព្រមានខាងលើធ្វើឡើងដោយលោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃអង្គារទី១៣ ខែកក្កដាម្សិលមិញនេះ ខណៈសហរដ្ឋអាមេរិកបានដកកងទ័ព ចេញពីអាហ្វហ្គានីស្ថានជាង ៩០ភាគរយហើយ។
បន្ថែមពីនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ការពង្រាយកងទ័ព ឬការដាក់មូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍ នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន… យើងបានប្រាប់សហរដ្ឋអាមេរិកដោយផ្ទាល់ដែរថា ការធ្វើបែបនេះមិនត្រឹមតែផ្លាស់ប្ដូរការយល់ឃើញរបស់រុស្ស៊ី ចំពោះអ្វីដែលកំពុងកើតឡើងប៉ុណ្ណោះទេ តែវាក៏នឹងផ្លាស់ប្ដូរទាំងស្រុវនូវទំនាក់ទំនង របស់ពួកយើងជាមួយសហរដ្ឋអាមេរិកផងដែរ»។
សូមជម្រាបថា បើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនាកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានលើកឡើងពីបញ្ហាខាងលើ នៅក្នុងកិច្ចប្រជុំនោះផងដែរ។
គួរបញ្ជាក់ថា ក្រៅតែពីព្រមានសហរដ្ឋអាមេរិក រុស្ស៊ីថែមទាំងបានព្រមាន កុំឱ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីកណ្ដាលទទួលស្វាគមន៍ កងទ័ពអាមេរិកថែមទៀត៕ដោយ៖ស តារា
រូបថត៖AP