ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីរូបគេបានឡើងលោតសម្លាប់ខ្លួន ពីលើដើមត្នោត កម្ពស់ប្រហែលជាង៤ម៉ែត្រ បានទើនៅលើគុម្ពោធព្រៃ នៅខាងក្រោម សន្លប់ស្ដូកស្ដឹងរយះពេល ជាងកន្លះម៉ោង ទើបដឹងខ្លួនឡើងវិញ។
ហេតុការណ៏នោះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នៅ តាមបណ្ដោយផ្លូវបេតុង ចំណុចជិតវត្តភ្នៀតសម្ពលី ស្ថិតភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនម្នាក់នោះឈ្មោះ យីម និត អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅក្នុងភូមិខ្សាច់ពូន ឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានបងប្អូនចំនួន៦នាក់ ប្រុស៣នាក់និងស្រី៣នាក់ បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជននោះបានជិះកង់ ១គ្រឿងទៅ ឈប់នៅចំណុចកើតហេតុខាងលើ បន្ទាប់មកបានរត់ចូលឲ្យរថយន្តដឹកដីបុក ក្នុងបំណងសម្លាប់ខ្លួន ប៉ុន្តែនៅ ខណៈនោះរថយន្តបានគេច ទើបមិនបុកឬកិនស្លាប់ ហើយប្រជាពលរដ្ឋ បាននាំគ្នាចាប់ទាញចេញជាបន្ត បន្ទាប់ យុវជននោះបានប្រាប់ថា ខ្លួនតូចចិត្តគ្មានអ្នកស្រលាញ់ទើបចង់សម្លាប់ខ្លួន ។ លុះមួយសន្ទុះក្រោយមក ក៏បានឡើងទៅលើដើមត្នោត កម្ពស់ប្រហែល៦ម៉ែត្រ ប៉ុន្តែអត់ឡើងទៅ ដល់ចុងនោះទេ បានត្រឹមពាក់កណ្ដាលដើម ក៏បានលោតសម្លាប់ខ្លួនតែម្ដង ប៉ុន្តែមិនស្លាប់ដោយលោតចុះ មកធ្លាក់លើគុម្ពោធព្រៃនៅខាងក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ។
ក្រុមគ្រួសារបាននិយាយថា យុវជននោះមានជម្ងឺសសៃប្រសាទ ហើយមុនពេលកើតហេតុ១ថ្ងៃ បានចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ១យប់ លុះព្រឹកថ្ងៃកើតហេតុ ទើបចេញហើយឲ្យគេជិះ ម៉ូតូមិនព្រមជិះ គេសុខចិត្តជិះកង់ម្នាក់ឯង ក្រោយមកប្រាប់ថាទៅរកទិញស្បែកជើងពាក់ តែបែរជាទៅរក កន្លែងធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះទៅវិញ៕ សុខាសែនជ័យ