អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានឡាវ Times បានដកស្រង់ចេញផ្សាយពីអាជ្ញាធរសុខាភិបាលឡាវ បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ មនុស្សសរុបរហូតដល់ទៅ ១,៤៥១នាក់ ត្រូវបានធ្វើតេស្តរក COVID-19 ក្នុងនោះរកឃើញមនុស្ស ១១៦នាក់មានវិជ្ជមាន។
អាជ្ញាធរសុខាភិបាលឡាវ បានបន្ថែមទៀតថា ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសឡាវមួយនេះ បានកើនឡើងដល់ ៣,០៩២ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ០៤នាក់។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺមានតែពីរករណីប៉ុណ្ណោះ ដែលជាប្រភេទករណីឆ្លងសហគមន៍ ក្នុងនោះមួយករណីត្រូវរកឃើញនៅទីក្រុងវៀងច័ន្ទ និងមួយករណីទៀតនៅខេត្តឧត្តមសៃ (Oudomxay)។
គួរបញ្ជាក់ថា សម្រាប់ករណីនាំចូលវិញ គឺខេត្តសាវណ្ណា (Savannakhet) បានរកឃើញរហូតដល់ ៦៧ករណី និងខេត្ត ចម្ប៉ាសាក់ ៤១ករណី នៅក្នុងកំឡុងពេល មួយថ្ងៃដូចគ្នា។ នេះជារកឃើញករណីឆ្លងយ៉ាងច្រើនបំផុតមួយ ក្រោយពីប៉ុន្មានសប្តាហ៍ដែលប្រទេសឡាវ បានជួបភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរលើកដំបូង កាលពីអំឡុងខែមេសា ឆ្នាំ២០២១៕ដោយ៖ស តារា
រូបថត៖Xinhua