អន្តរជាតិ៖ ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។ នេះបេីយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។
ជាក់ស្ដែងយោងតាមប្រភពពីផ្នែកសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងប្រាប់ទីភ្នាក់ងារបារាំង AFP កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៤លានដូសពីប្រទេសចិន ខណៈប្រទេសចិនបានបរិច្ចាកវ៉ាក់សាំងចំនួន ០២លានដូសបន្ថែមទៀត។
គួរជម្រាបថា សរុបមកវិញ ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងចំនួន ០៦លានដូសពីប្រទេសចិន ហើយវ៉ាក់សាំងចំនួន ០១លានដូសដំបូង នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដានេះផងដែរ។
ដោយឡែកជុំវិញបញ្ហានេះដែរ បើតាមមន្រ្តីសុខាភិបាលរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ថា មនុស្សប្រហែល ១.៧៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនសរុបប្រហែល ៥៤លាននាក់នេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១២,៥៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៤៦នាក់ និងអ្នកជាសះស្បើយ ១៥៣,៦០៩នាក់៕ដោយ៖ស តារា
រូបថត៖ឯកសារ