ភ្នំពេញ, នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា , កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។)។
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានលើកឡើងថា, ក្រុមការងារសូមធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចខាងក្រោម៖
១- ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)
២- ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់អ្នក
៣- ជនខិលខូចអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់អ្នកដើម្បីស្នើសុំកម្ចីពីភាគីទី៣
៤-កម្ចីខុសច្បាប់មួយចំនួននឹងផ្តល់បន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារការប្រាក់ដ៏ច្រើនលើសលប់ និងអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាជំងឺផ្លូវចិត្ត
៥- ជនខិលខូចអាចនឹងបង្ហោះព័ត៌មានរបស់អ្នកជាសាធារណៈ ក្នុងគោលបំណងបង្ខូចកិត្តិយស។
ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋ មេត្តាប្រុងប្រយ័ត្នអំពីព័ត៌មានបុគ្គល តួរយ៉ាងអត្តសញ្ញាណប័ណ្ណ កាតធនាគារ លេខទូរស័ព្ទ អាសយដ្ឋានស្នាក់នៅ ។ល។
ដោយ, សុខ ខេមរា