ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ ឃាត់ខ្លួនខណៈដែលពួកគេព្យាយាមលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចមួយក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងបីនាក់នេះ មានឈ្មោះ ឡឹក ត្រា ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ ហោ ណា ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ ត្រា ធី ភេទស្រី អាយុ ១៧ឆ្នាំ ដែលអ្នកទាំងបីនាក់នេះរស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួយគ្នា។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ដើម្បីធ្វើចត្តាឡីស័កបង្ការការរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ «៣ការពារ ៣កុំ» ជាពិសេសពេលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមសហការផ្តល់ការធ្វើចត្តាឡីស័ក៕ដោយ៖សហការី