ខេត្តកណ្តាល៖ យុវជនម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនព្យាយាមឡើងជែងរថយន្តនៅខាងមុខស្ថិតក្នុងសភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កបើកច្រាស់ទិសគ្នាដួលបោកក្បាលស្លាប់យ៉ាងអណោចអធ័ម រីឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កទទួលរងរបួសធ្ងន់ផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកស៊ុយហ្ស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-4967 បើកបរដោយឈ្មោះ ចេង បូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។ ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះ ថុង សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិក្នុងព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្មាស់តាមបណ្តោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនជែងគេឯងហាក់បីដូចជាប្រញាប់ទៅណាអញ្ចឹង ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូរូបនេះបានបន្ថែមល្បឿនព្យាយាមឡើងវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកនៅខាងមុខ ខណៈនោះបណ្តាលឲ្យជ្រុលចង្កូតចូលទៅបុកជាមួយម៉ូតូរ៉ឺម៉កពេញមួយទំហឹងដួកបោកទៅលើផ្លូវ ធ្វើឲ្យអ្នកបើកបរម៉ូតូស្មាស់រងរបួសបែកក្បាលឈាមហូរច្រាលពេញផ្លូវស្លាប់ភ្លាមៗមួយរំពេច រីឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កទទួលរងរបួសធ្ងន់ផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុក រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ