ខេត្តសៀមរាប៖ មនុស្សប្រុសស្រីចំនួន ២នាក់ បានធ្វើសកម្មភាពចរាចរក្រដាសប្រាក់រៀលក្លែងក្លាយ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយលើ ចាប់ឃាត់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា៖ ជនសង្ស័យទាំងពីរនាក់នេះ ទី១,ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ ៣១ ឆ្នាំ, និងទី២,ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ ពួកគេរស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាលស្រុកស្វាយលើ បានចាប់យកវត្ថុតាងរួមមាន៖ ក្រដាសប្រាក់ក្លែងក្លាយ ចំនួន ១៥.៧០០.០០០ រៀល ក្នុងនោះ ក្រដាស ៥០.០០០ រៀល ចំនួន ១៣.៩០០.០០០ រៀល, ក្រដាស ១០.០០០ រៀល ចំនួន ១.៨០០.០០០ រៀល និងប្រាក់រៀល (ប្រាក់សុទ្ធ) មួយចំនួនទៀត។ ក្រៅពីនោះ ឃើញមានអត្តសញ្ញាណប័ណ្ណ កាតធនាគារ ប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទ metfone និងកាតទូរស័ព្ទ smart មួយចំនួនទៀត។
ប្រភពដដែល បន្តថា ចំពោះការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធនេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ បានសារភាពថា៖ ពួកគេបានជិះម៉ូតូ ចេញពីខេត្តព្រះវិហារមកខេត្ត សៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយកក្រដាសប្រាក់ ក្លែងក្លាយ (ក្រដាសប្រាក់ ៥០.០០០ រៀល និង ១០.០០០ រៀល) មកចាយ នៅក្នុងភូមិសាស្ត្រ ឃុំស្វាយលើ ហើយក៍ត្រូវនគរបាល ចាប់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់នេះ រួមនឹងវត្ថុតាងត្រូវបានកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី