ខេត្តបន្ទាយមានជ័យ÷នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ចំណុះកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយកងកម្លាំងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និង កម្លាំងបិទខ្ទប់តំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការ ការធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារក្នុងកាលៈទេសៈដ៏លំបាកនេះកងទ័ពមានតួនាទីសំខាន់ក្នុងការបំពេញប្រតិបត្តិការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
គួរកត់សំគាល់ថា យុទ្ធនាការយកសំណាកជំងឺកូវីដ-១៩ តាមរយ:តេសរហ័សនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់លើកទី១។
លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការនៅក្រៅអង្គភាព និងក្នុងអង្គភាព ត្រូវតែបន្តយកចិត្តទុកដាក់អោយបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>>ទាំងអស់គ្នា៕
ដោយ៖ ស៊ុនហេង