អន្តរជាតិ៖ បេីសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសហុងកុង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង បន្ទាប់ពីត្រូវបានបិទទ្វារហើយនោះ,ពេលនេះត្រូវបានកម្លាំងប៉ូលីសចាប់ឃាត់ខ្លួនទៀត។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកក្កដានេះដែរ បានដកស្រង់ចេញផ្សាយពីនៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលីសហុងកុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖” ពួកគេបានចាប់ខ្លួនអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាបុរសមានអាយុ ៥១ឆ្នាំ ពីបទសង្ស័យគប់គិតជាមួយកងកម្លាំងបរទេស ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ”។
គួរជម្រាបថា កាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង ត្រូវបានបិទទ្វារ បន្ទាប់ពីប៉ូលីសហុងកុងរាប់រយនាក់ បានចុះបង្រ្កាបទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ និងបានបង្កកគណនីធនាគាររបស់កាសែតមួយនេះ ដែលមានទឹកប្រាក់ប្រហែល ១៨លានដុល្លារហុងកុង ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ។
ដោយឡែកជុំវិញបញ្ហានេះ ក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់អតីតស្ថាប័នកាសែត Apple Daily មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ៕ដោយ៖ស តារា
រូបភាព៖ឯកសារ កាសែត Apple Daily នៅទីក្រុងហុងកុង