ភ្នំពេញ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា ថ្មីៗនេះក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ជាប្រាក់ប្រមាណ ៨២១.១៧១.០០០ រៀល ស្មើនឹង២០៥.៣១៨ដុល្លារអាមេរិក នៅក្នុងសំណុំរឿងដែលក្រុមហ៊ុនលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត ។ ក្នុងករណីដែលក្រុមហ៊ុនយឺតយ៉ាវ ឬមិនព្រមបង់ប្រាក់ពិន័យតាមកាលកំណត់ ក្រសួងរ៉ែនិងថាមពល នឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណឲ្យទៅក្រុម ហ៊ុនតាមការស្នើសុំនោះទៀតផង ។ នេះបើយោងតាមឯកសារដែលចុះហត្ថលេខារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជម្រាបទៅលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឃន៍ភ្នំថ្កូវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែលអ្នកសារព័ត៌មានទើបទទួលបាន ។ នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពលបានទទួលរួចហើយនូវលិខិតរបស់លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ចុះថ្ងៃទី ២២កុម្ភៈ ២០២១ ស្នើបដិសេធលិខិតលេខ ៣៣៨ រថ កព ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់មន្ទីររ៉ែនិងថាមពលខេត្តកំពត និងលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី២១ខែមករា ឆ្នាំ២០២១ របស់ក្រសួងរ៉ែនិងថាមពល ស្នើសុំឲ្យក្រសួងបង្កើតក្រុមការងារស្រាវជ្រាវលើទីតាំងជាក់ស្ដែងធ្វើអាជីវកម្មដីក្រហមនៅភ្នំថ្កូវ ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតនោះ ។ ករណីនេះក្រសួងរ៉ែនិងថាមពលបានចេញលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ដោយមានខ្លឹមសារបញ្ជាក់ថា ៖ ក្រុមហ៊ុនបានកាយយកអាចម៍ដីក្រហមមុនទទូលបានអាជ្ញាប័ណ្ណអស់បរិមាណចំនួន ៥១ ៣២៩,៥០ម៉ែត្រគូប ល្មើសនិឹងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែត្រូវរងការផាកពិន័យចំនួនស្មើនិឹង២ដងនៃចំនួនប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកយកស្មើនិឹងទឹកប្រាក់ ៨២១.២៧២. ០០០រៀល ។ ក្រសួងទុករយៈពេល១៥ថ្ងៃគិតពីថ្ងៃចុះហត្ថលេខានៃលិខិត០១១០ រថ អរស ដើម្បីឲ្យក្រុមហ៊ុនតវ៉ាជាលាយលក្ខណ៍អក្សរ ផុតពីនេះក្រសួងនិឹងចេញលិខិតធ្វើការផាកពិន័យពុំទុកពេលឱ្យតវ៉ាទៀតឡើយ និងសម្រេចផាកពិន័យដូចខាងក្រោម ៖
កំណត់យកតម្លៃប៉ាន់ស្មានដីក្រហមស្មើ ៨ ០០០រៀល ក្នុង១ម៉ែតត្រីគុណ ។ ៨ ០០០ រៀល គុណនិឹង ៥១ ៣២៩.៥០ គុណ២ ស្មើ ៨២១ ២៧២ ០០០ រៀល ។
លោក អេង អូន ត្រូវទៅទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៃទីស្ដីការក្រសួង ដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់ និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ ។ ក្នុងករណីមិនអនុវត្តតាមកាលកំណត់ ក្រសួងនឹងសម្រេចបដិសេធការស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅលើតំបន់ខាងលើ និងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ជាធរមាន ។
សេចក្តីរាយការណ៍បន្តថា ទោះបីក្រសួងរ៉ែ នឹងថាមពល បានចេញការព្រមានធ្ងន់ៗ យ៉ាងនេះក្តី តែក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវរបស់លោក អេង អូន នៅមិនទាន់បង់ប្រាក់ពិន័យទេ ថែមទាំងមានចេតនាគេចវេះការទទួលខុសត្រូវបង់ពន្ធទៀតផង ។ លោក អេង អូន ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពាក់ព័ន្ធនិឹងការលួចធ្វើអាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ មានសេចក្តីរាយការណ៍ពីខេត្តកំពតឱ្យដឹងថា មានអភិបាលរងខេត្តម្នាក់ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចដកតំណែងផងដែរ ដោយសារជាប់ពាក់ព័ន្ធនិឹងទ្រព្យសម្បត្តិរដ្ឋនិងការឃុបឃិតគ្នាជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិនៅភ្នំថ្គូវខេត្តកំពតនេះ ដែលលោកអភិបាលរងខេត្តរូបនោះមានឈ្មោះ ហាស់ សុបិន្ត ត្រូវបានអនុក្រិឹត្យផ្ទេរចេញឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ មហាជនកំពុងមានចម្ងល់ចំពោះលោក អេង អូន ដែលគេស្គាល់ថា ជានាយទាហានមួយរូប មានភារកិច្ចឈរជើងការពារនៅអាកាសយានដ្ឋានកេងកងខេត្តព្រះសីហនុ ដែលជាមន្ត្រីរាជការសាធារណៈ ស៊ីប្រាក់ខែរដ្ឋ តែបែរជាទៅឈរឈ្មោះធ្វើប្រធានក្រុមហ៊ុនមួយជាប់ពាក់ព័ន្ធរឿងអាស្រូវលួចធ្វើ អាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ ខេត្តកំពតនោះថែមទៀត ។
ទោះជាមានករណីខាងលើកើតឡើងក៏ដោយ ក៏អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក អេង អូន និងលោក ហាស់ សុបិន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែអង្គភាព”នគរដ្រេហ្គន” រង់ចាំការបកស្រាយគ្រប់ពេលវេលា ៕
ដោយ, សិលា