ភ្នំពេញ, ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចតាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមជម្រាបជូនសាធារណជន ទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបាន ចូលមកក្នុងប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញនិង រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ (Courtyard by Mariott Phnom Penh) ហើយអ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖ – អ្នកដំណើរត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ ឬ www.courtyardphnompenh.com ហើយត្រូវកក់បន្ទប់ស្នាក់នៅឱ្យបានមុន ០២(ពីរ)ថ្ងៃ នៃការចេញដំណើរ
– ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារ សុខាភ្នំពេញនិងរ៉េស៊ីដង់ ឬ សណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖
បង្ហាញឯកសារចាំបាច់សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា ឯកសារទាំងនោះ មានដូចជាទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុល កម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែល ទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ ម៉ោង មុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព ដែល តម្រូវឱ្យអ្នកធ្វើដំណើរបរទេសទិញសេវាធានារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ ព្យាបាលជំងឺកូវីដ-១៩
-បង្ហាញឯកសារថតចម្លងបញ្ជាក់ថាបានកក់បន្ទប់ស្នាក់នៅសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជូនដល់មន្ត្រីមានសមត្ថកិច្ច
ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាអ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវ តែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែក ចំពោះ សេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាន នោះប្រាក់កក់ សណ្ឋាគារនឹងធ្វើការភ្ញៀវវិញ។ ក្នុងករណីនេះ អ្នកដំណើរត្រូវតម្កល់ប្រាក់ចំនួន ២.០០០ ដុល្លារអាមេរិក ដូចអ្នកដំណើរ ធម្មតា។
សណ្ឋាគារដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានសុខាភិបាលដែលនៅជាធរមាន។ អ្នកប្រើប្រាស់សេវាកម្មនេះ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមវិធានសុខាភិបាលដែលនៅជាធរមានក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។
ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់ និងសណ្ឋាគារ ខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ព័ន្ធការអនុវត្តវិធានការសុខាភិបាល អំឡុងពេលធ្វើចត្តាឡីស័ក ស្របតាមខ្លឹមសារនៃលិខិតលេខ ៤៨៩៨ សហវ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរខាងលើ នឹងត្រូវអនុវត្តនីតិវិធីដែល មានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២០០០ ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរ ការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹងដល់សាធារណជនទាំងអស់ ពិសេសអាជ្ញាធរ មានសមត្ថកិច្ចត្រូវចូលរួមសហការ សណ្ឋាគារទទួលខុសត្រូវផ្តល់សេវាឱ្យបានល្អ ហើយអ្នកដំណើរដែលមាន បំណងចង់ប្រើប្រាស់សេវានេះត្រូវអនុវត្តតាមការណែនាំខាងលើឱ្យបានត្រឹមត្រូវ។
សេវាកក់សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ, សុខ ខេមរា