អន្តរជាតិ៖ បេីយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី និងធំរបស់ជប៉ុន Toyota Motor បានប្រកាសផ្អាកការផលិតរថយន្តនៅក្នុងក្នុងប្រទេសថៃជាបណ្ដោះអាសន្ន ដោយសារកង្វះខសតគ្រឿងបង្គុំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តស្ទើពាសពេញពិភពលោកបានជួបបញ្ហាកង្វះបន្ទះឈីបជាសកល។
សារព័ត៌មាន CNA បាននិយាយបន្ថែមថា ក្រុមហ៊ុន Toyota Motors Thailand ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor បានចេញសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ននូវការផលិតរថយន្តនៅក្នុងរោងចក្រ Ban Pho Plant , Samrong Plant និង Gateway Plant ចាប់តាំងពីថ្ងៃទី២០ កក្កដាមក។
ជាក់ស្ដែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ Toyota បានបញ្ជាក់ថា រោងចក្រទាំង៣នៅក្នុងប្រទេសថៃនេះ មានសមត្ថភាពអាចផលិតរថយន្តបាន ៥៥០០០០គ្រឿងក្នុងមួយឆ្នាំៗ។
បេីតាមការលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន Toyota បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ការបិទរោងចក្រនៅក្នុងប្រទេសថៃ គឺដោយសារតែកង្វះគ្រឿងបង្គុំដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។
គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota ក៏បានផ្អាកការផលិតរថយន្តនៅក្នុងរោងចក្រមួយនៅខេត្ដ Aichi ប្រទេសជប៉ុន កាលពីថ្មីៗនេះ ដែរ ដោយសារខ្វះគ្រឿងបង្គុំដូចគ្នា៕ដោយ៖ស តារា
រូបភាព៖ឯកសារ