ភ្នំពេញ៖ វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងរៀបចំខ្លួនក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ ថ្មីៗនេះ សាលាបានកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិលើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការ។ នេះបេីតាមការបញ្ជាក់ពីក្រសួងបរិស្ថាន នៅថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ក្នុងគម្រោងនេះដែរ សាលារៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា នៅក្នុងសាលារៀន ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត វិទ្យាល័យ ហ៊ុន សែន វាលរេញ គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។
សូមបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភ ដល់ផែនការសកម្មភាពវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕ដោយ៖សហការី