អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីលោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែងនៅចុងសប្តាហ៍នេះថា៖ ប្រទេសចិននិងសហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ដើម្បីបង្ហាត់បង្រៀនរឿងមួយដល់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានចិន CGTN បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ការបរទេសចិនរូបនេះ បន្ថែមថា៖ “វាគ្មានប្រទេសណាមួយ ដែលមានឋានៈខ្ពង់ខ្ពស់ជាប្រទេសដទៃឡើយ ហើយក៏មិនគួរមានប្រទេសបែបនេះដែរ។ លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានសង្កត់ធ្ងន់ថា ប្រទេសលោកមិនទទួលយកដាច់ខាតចំពោះ ប្រទេសណាមួយ ដែលគិតថាខ្លួនមានភាពឧត្ដុង្គឧត្ដមអស្ចារ្យជាងគេជាងឯង”។
ទីប្រឹក្សារដ្ឋចិនរូបនេះ បានគូសបញ្ជាក់ទៀតថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែមិនយល់ច្បាស់ពីក្បួនច្បាប់មូលដ្ឋាន នៃការធ្វើប្រាស្រ័យទាក់ទងជាមួយប្រទេសដទៃទេនោះ ចិនរួមជាមួយសហគមន៍អន្តរជាតិ គឺមានទំនួលខុសត្រូវដើម្បីអប់រំទូន្មាន នូវមេរៀនមួយដល់អាមេរិក ស្តីពីរបៀបចាត់ទុកប្រទេសដទៃ ក្នុងឥរិយាបថស្មើភាពគ្នា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី២៤ ខែកក្កដាម្សិលមិញនេះ លោក វ៉ាង យី បានលើកឡើងដូចខាងលើ កំលុងជំនួបកិច្ចសន្ទនាយុទ្ធសាស្រ្តជុំទី៣ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ស្សា ម៉ាមូដ (Shah Mahmood) នៅទីក្រុងឈិនឌូ (Chengdu) នៃខេត្តស៉ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន៕ដោយ៖ស តារា
រូបភាព៖លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន