មន្រ្តី​ជាន់ខ្ពស់​ការបរទេសចិន៖ “ចិននិងអន្តរជាតិមានទំនួលខុសត្រូវ ដើម្បីបង្រៀនឱ្យសហរដ្ឋអាមេរិក ចេះចាត់ទុកប្រទេសដទៃឲ្យស្មើខ្លួន”

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែង​នៅចុងសប្តាហ៍នេះថា៖ ប្រទេស​ចិននិងសហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ដើម្បីបង្ហាត់បង្រៀនរឿងមួយដល់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារ​សារព័ត៌មានចិន CGTN បានដកស្រង់សម្តី​មន្រ្តី​ជាន់ខ្ពស់​ការបរទេសចិនរូបនេះ​ បន្ថែមថា​៖​ “វាគ្មានប្រទេសណាមួយ ដែលមានឋានៈខ្ពង់ខ្ពស់ជាប្រទេសដទៃឡើយ ហើយក៏មិនគួរមានប្រទេសបែបនេះដែរ។ លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានសង្កត់ធ្ងន់ថា ប្រទេសលោកមិនទទួលយកដាច់ខាតចំពោះ ប្រទេសណាមួយ ដែលគិតថាខ្លួនមានភាពឧត្ដុង្គឧត្ដមអស្ចារ្យជាងគេជាងឯង”។

ទីប្រឹក្សារដ្ឋចិនរូបនេះ​ បានគូសបញ្ជាក់ទៀត​ថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែមិនយល់ច្បាស់ពីក្បួនច្បាប់មូលដ្ឋាន នៃការធ្វើប្រាស្រ័យទាក់ទងជាមួយប្រទេសដទៃទេនោះ ចិនរួមជាមួយសហគមន៍អន្តរជាតិ គឺមានទំនួលខុសត្រូវដើម្បីអប់រំទូន្មាន នូវមេរៀនមួយដល់អាមេរិក ស្តីពីរបៀបចាត់ទុកប្រទេសដទៃ ក្នុងឥរិយាបថស្មើភាពគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី២៤​ ខែកក្កដា​ម្សិលមិញនេះ​ លោក វ៉ាង យី បានលើកឡើងដូចខាងលើ កំលុងជំនួបកិច្ចសន្ទនាយុទ្ធសាស្រ្តជុំទី៣ ជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ស្សា ម៉ាមូដ (Shah Mahmood) នៅទីក្រុងឈិនឌូ (Chengdu) នៃខេត្តស៉ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន៕ដោយ​៖ស​ តារា​

...

រូបភាព​៖លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print