ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្ដិ៍វត្តភ្នំមួយរូបនិងមិត្តភ័ក្រម្នាក់ទៀតស្រវឹងស្រាដកកាំភ្លើងភ្ជង់និងវាយនារីរកសីុភ្លូវភេទម្នាក់ព្រោះតែខឹងនាងមិនព្រមទៅដេកជាមួយ ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចខាងមុខភោជនីដ្ឋានទន្លេសាប ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងនិងមិត្តភ័ក្រម្នាក់ទៀតបានឈរនៅចំណុចរង្វង់មូលដើមពោធិ៍ដើម្បីចាំរកភ្ញៀវក្រោយមកក៏មានបុរសពីរនាក់មានសភាពស្រវឹងស្រាផងនោះបានមកនិយាយបំណងចង់យកនាងទៅដេកតែនាងមិនព្រម។
ប្រភពដដែលបន្តថា ពេលដែលប្រកែកមិនព្រមទៅស្រាប់តែបុរសម្នាក់បានទាត់នាងមួយជើងនិងដកកាំងភ្លើងភ្ជង់គំរាមបាញ់ទៀតផង។ ក្រោយមកបុរសទាំងពីរនាក់បានជិះម៉ូតូចេញបាត់ តែដោយមានអ្នកនៅជិតកន្លែងកើតហេតុបានរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានដេញមកដល់ខាងត្បូងវត្តភ្នំទើបឃាត់ខ្លួនបុរសទាំងពីរនាក់បានតែម្ដង។
បើតាមសំដីរបស់បុរស់ម្នាក់ដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលនៅប៉ុស្ដិ៍វត្តភ្នំបានឲ្យដឹងថា ខ្លួនមិនបានដកកាំភ្លើងភ្ជង់ទេគ្រាន់តែប្រាប់ឲ្យពួកនាងឲ្យចេញពីកន្លែងនោះព្រោះសមត្ថកិច្ចមិនឲ្យពួកអ្នករកសីុផ្លូវភេទឈរនៅទីនេះទេ។
ក្រោយពីឃាត់ខ្លួនបុរសទាំងពីរនាក់នោះរួចកម្លាំងអាវុធហត្ថបានប្រគល់អោយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញនិងបញ្ជូនទៅអធិការដ្ឋានខណ្ឌ ដើម្បីសួរនាំបន្ត តែរឿងត្រូវឃុំខ្លួន ឬមិនឃុំនោះត្រូវសម្រេចទៅលើថ្នាក់អភិបាលខណ្ឌ ឬក៏លោកអធិការហើយទើបដឹងច្បាស់ ពីព្រោះជនបង្កបានប្រាប់ថា ខ្លួនជាមន្ត្រីអនុវត្តច្បាប់នៅប៉ុស្តិ៍វត្តភ្នំថែមទៀតផង ហើយទៅរកស្រីដើម្បីកំដរអារម្ភណ៍ទាំងស្ថានភាពស្រវឹង និងប្រើប្រាស់អវុធគំរាមស្រ្តីទន់ខ្សោយទៀតផង ប្រជាពលរដ្ឋបាននាំគ្នាខ្សឹបដាក់គ្នាពីមួយទៅមួយថា តើលោកអធិការ ហួត ចន័្ទយ៉ារ៉ាន់ដោះស្រាយទៅលើមន្ត្រីក្រោមឱវាទរបស់លោកយ៉ាងដូចម៉្តេចទៅវិញជុំវិញករណីដកកាំភ្លើងគំរាមនិងវាយលើស្ត្រីរកស៊ីផ្លូវភេទដែលជាស្រីទន់ខ្សោយដូចនេះ៕ដោយៈ ព្រែកជ័យ