ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹង ហើយចេញពីកន្លែងធ្វើការ ក៏ហៅម៉ូតូកង់បីដើម្បីឲ្យឌុបទៅផ្ទះ តែតថ្លៃគ្នាមិនត្រូវ ក៏វាយម្ចាស់ម៉ូតូកង់បីមួយដៃបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសមាគមន៍ម៉ូតូកង់បីជាច្រើនចុះដល់កន្លែងកើតហេតុភ្លាមៗ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងអប់រំ យុវជន និងកីឡា តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជនរងគ្រោះឈ្មោះសែម សុខា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅភូមិចេកឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅម្ដុំម៉ូឌែន៥ ខណ្ឌឬស្សីកែវ។ ចំនែកឯជនបង្កមានឈ្មោះសង មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកក្រសួងអប់រំ យុវជននិងកីឡា ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលឈានទៅដល់ការកើតមានហឹង្សាបង្កឲ្យមានរបួសស្នាមខាងលើនេះ គឺជនរងគ្រោះបានបើកម៉ូតូកង់បីពីវិមានឯករាជ្យ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បួងទៅជើងក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កបានហៅម៉ូតូកង់បីរបស់ជនរងគ្រោះឲ្យឈប់ ហើយក៏ឲ្យជនរងគ្រោះឌុបទៅផ្ទះនៅច្បារអំពៅ ដោយឲ្យតំម្លៃ១មឺុនរៀល តែជនរងគ្រោះមិនព្រមទៅដោយសុំ១៥០០០រៀល ព្រោះផ្លូវវាឆ្ងាយហើយងងឹតទៀត ភ្លាមនោះជនបង្កចុះពីលើម៉ូតូកង់បី និងនិយាយថា ស្អីហារ អីក៏ថ្លៃម្លេះ ក្រោយមកជនរងគ្រោះក៏និយាយទៅវិញថា បើមិនជិះទេកុំសំឡុតខ្ញុំ។ ភ្លាមនោះជនបង្កបានដើរមកវាយជនរងគ្រោះមួយដៃបណ្ដាលឲ្យបែកមាត់និងជ្រុះអាយកូមដល់ដី ហើយដើរចូលទៅក្នុងកន្លែងធ្វើការវិញ។ ភ្លាមៗជនរងគ្រោះក៏បានទំនាក់ទំនងទៅក្រុមសមាគមន៍ម៉ូតូកង់បីជាច្រើននាក់ឲ្យមកជួយនិងអន្តរាគមន៍ដល់រូបគាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំជនបង្កនិងជនរងគ្រោះយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសួរនាំរកខុសត្រូវ តែដោយសារជនបង្កដឹងខ្លួនខុសហើយសុំទោសជនរងគ្រោះហើយបាន យល់ព្រមសងថ្លៃជំងឺចិត្តចំនួន៣២មឺុនរៀលដើម្បីបញ្ចប់រឿងតែម្ដងទៅដល់ជនរងគ្រោះ ។ ចំណែកជនរងគ្រោះព្រោះមិនចង់មានរឿវែងឆ្ងាយក៏យល់ព្រមទទួលយកសំណងជាប្រាក់ចំនួន៣២ម៉ឺុនដើម្បីបញ្ចប់រឿងនិងលើកលែងទោសដល់អ្នកដែលដឹងកំហុសនោះផងដែរ៕ដោយៈ ព្រែកជ័យ