ភ្នំពេញ៖ បេីយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់បង្ហាញចំណេះដឹងទូទៅស្ដីពីផ្លាកសញ្ញាចរាចរណ៍ តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?
នៅក្នុងសំណេរហ្វេសប៊ុករបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្លាកសញ្ញាទី១៖ ផ្លាកសញ្ញាកំណត់ល្បឿនអតិបរិមា សញ្ញានេះហាមយានយន្តគ្រប់ប្រភេទបើកបរលើសល្បឿន (គិតជាគីឡូម៉ែត្រក្នុង១ម៉ោង) ដូចមានកំណត់ក្នុងផ្លាកសញ្ញា។ លេខ 30 សំដៅល្បឿនអតិបរិមា ៣០គីឡូម៉ែត្រក្នុង១ម៉ោង។
ផ្លាកសញ្ញាទី២៖ ផ្លាកសញ្ញាមានកុមារឆ្លងកាត់ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានកុមារឆ្លងកាត់។
ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬមានផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕ដោយ៖សហការី