ខេត្តព្រៃវែង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារប្រទះឃើញក្មេងប្រុសម្នាក់ដេកផ្កាប់មុខស្លាប់ក្នុងភក់ល្បាប់ នៅស្រះទឹក កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិវាលឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សង្ស័យភ្លាត់ស្នៀតឆក់ខ្សែភ្លើង។
បើតាមក្រុមគ្រួសារត្រូវជាម្ដាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា កូនដែលស្លាប់មានឈ្មោះគីម កុង អាយុ១៥ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបានឲ្យដឹងថា នៅព្រឹកកើតហេតុនោះក្រោយពេលដែលគាត់មកពីផ្សារវិញ បាត់កូនមិនឃើញនៅក្នុងផ្ទះគាត់ក៏ឡើងរកមើលខាងលើផ្ទះស្រាប់តែឃើញខ្សែភ្លើងតចេញពីព្រីចុះទៅក្រោមទើបមានការសង្ស័យក៏ដើរតាមខ្សែរកមើលខណៈនោះស្រាប់តែឃើញកូនប្រុសដេកផ្កាប់មុខក្នុងភក់ល្បាប់នៅក្នុងស្រះបាត់ទៅហើយទើបស្រែកឆោឡោហៅអ្នកស្រុកឲ្យមកជួយ និងបានទាក់ទងហៅរថយន្តទៅដឹកកូនប្រុសគាត់យកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថាកូនគាត់បានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថាតាម ការពិនិត្យទីតាំងកើតហេតុកុមារ៉ារងគ្រោះបានយកខ្សែភ្លើងតភ្លើងចេញពីក្នុងផ្ទះ ភ្ជាប់ជាមួយដែក២សសៃ ចុះទៅឆក់អន្ទង់នៅក្នុងស្រះហើយពេលចុះឆក់អន្ទង់នោះហើយសង្ស័យភ្លាត់ស្នៀតក៏ត្រូវចរន្តភ្លើងដែលឆក់អន្ទង់នោះឆក់ខ្លួនឯងទាំងមនុស្សដួលផ្កាប់មុខស្លាប់តែម្ដង។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រែងបំផុត៕
ដោយ៖ យឹម សុថាន