ខេត្តកំពង់ឆ្នាំង៖ ឪពុកម្នាក់ទប់ចិត្តមិនបាន ទាញកាំបិតផ្គាក់កាប់កូនដើម្បីការពារខ្លួន ក្រោយពីកូនប្រុសបង្កើតស្រវឹងខួបជេប្រមាថ និង វាយទាត់ធាក់ឪពុកដែលមានវ័យចំណាស់ទៅហើយ ។ ហឹង្សារវាងឪពុកនិងកូននេះកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ចាន់ សារ៉េត អាយុ៦៣ឆ្នាំ ចំណែកឯកកូនប្រុសរងគ្រោះដោយឪពុកកាប់មានឈ្មោះ ប៉េស សារ៉ាត់ អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនផ្ទុះអំពើរហឹង្សារវាងកូននិងឪពុកនេះ កូនប្រុសបានផឹកស្រវឹងមួយថ្ងៃទៅ ហើយចេញពីកន្លែងមួយទៅកន្លែងមួយ នៅពេលមកដល់ផ្ទះកូនប្រុសឈ្មោះ ប៉េស សារ៉ាត់នេះ បានរករឿងអ្នកផ្ទះ ពេលនោះឪពុកបង្កើតដែលនៅផ្ទះក្បែរនោះបានប្រាប់ឲ្យសម្រាកទៅ បើស្រវឹងហើយកុំឡូឡា រករឿងគេឯង ពេលឮឪពុកប្រាប់ដូចនេះ កូនប្រុស រូបនេះបានសួររកមុខ អាណានិយាយមិញ ? ពេលសួរចប់ក៍ដើរសំដៅទៅរកឪពុករួចជេប្រមាថដោយសំដីមិនសមរម្យជាកូន ថែមទាំងទាត់ឪពុកទៀត ពេលនោះឪពុកទ្រាំនិងទង្វើរបស់កូនមិនបាន ទប់ចិត្តលែងកើត ក៍ស្ទុះយកកាំបិទផ្គាក់ដែលនៅក្បែរខ្លួន កាន់ដើម្បីការពារខ្លួន និងប្រាប់កុំឲ្យកូនធ្វើបែបនេះ តែកូនមិនស្តាប់នៅតែធ្វើផ្គើន ឪពុកក៍ក្រវាសកំបិតនោះទៅចំកូនចំនួន៣កន្លែង ផ្ពាល់ ទ្រូង និង ខ្នង បណ្តាលឲ្យកូនប្រុសធ្លាក់ពីលើផ្ទះរបួសឈាមក្រមច្រាលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ឪពុកដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនបញ្ជូនបុរសរូបនេះទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា