លោកប៉ា សុជាតិវង្ស ចុះតភ្ជាប់មហាវិថីសម្តេច ហ៊ុន សែន ទទឹង៦០ម៉ែត្រ បណ្ដោយ៩១៦០ម៉ែត្រ ពីភ្នំពេញទៅក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទ បានចុះទៅ តភ្ជាប់មហាវិថីសម្តេច ហ៊ុន សែន ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌ​ចំ​ការ​​មន រាជធានីភ្នំពេញ ទៅទល់នឹងផ្លូវជាតិលេខ២ ត្រង់ចំណុច ព្រែកកំពឹស ក្រុង​​តាខ្មៅ ខេត្តកណ្តាល និង​ត្រូវបើកឲ្យប្រើប្រាស់នៅពេលអ៊ុតកៅស៊ូរួចរាល់ទាំងស្រុង នៅមុនចូលឆ្នាំខ្មែរនេះ ។ ពិធីតភ្ជាប់នេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖  មហាវិថីនេះមាន​​ប្រវែង​​​សរុប៩.១៦០ម៉ែត្រ ដោយមានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ១៥ ម៉ែត្រសងខាង។ សរុបមានទទឹង៦០ម៉ែត្រ ដែលសម្រួល ដល់ចរាចរទៅមកយ៉ាងងាយ ស្រួល។ លោក​បញ្ជាក់​ថា មហាវិថីនេះបានសម្រេចរួចរាល់នូងការសាងសង់គ្រឹះប្រវែង ៨.៦៦០ម៉ែត្រ ស្មើនឹង៩៥ភាគរយ និង​បាន​អ៊ុតកៅស៊ូបានជាអន្លើ ជាមួយការសាងសង់ប្រព័ន្ធបង្ហូរទឹកដូចជា៖ ដាក់លូ ស្ពាន់បេតុង។

លោក  ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា៖  វិថីនេះគឺជាវិថីធំជាងគេនៅភ្នំពេញ ដែលនឹងធ្វើឲ្យតំបន់​ជុំវិញនោះមានសក្តានុពលសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែក្នុងអំឡុងពេលស្ថាបនាមិនទាន់រួចរាល់ជាស្ថាពរ គឺមិនទាន់ដាក់ឲ្យធ្វើចរាចរនោះទេ ដោយខ្លាចរំខានដល់ការងារការដ្ឋាន និង​គ្រោះថ្នាក់ដល់អ្នកដំណើរពេលគ្រឿងចក្រកំពុងដំណើរការ។ នៅពេល​មហា​​វិថីនេះ ត្រូវបានអ៊ុតកៅស៊ូរួចរាល់ទាំងស្រុង និងដាក់ឲ្យប្រជាពលរដ្ឋធ្វើចរាចរនៅមុនថ្ងែចូលឆ្នាំខ្មែរនេះផងដែរ ។

លោក  ប៉ា សុជាតិវង្ស  បានបញ្ជាក់​ថា៖  ក្រោយពីផ្លូវនេះស្ថាបនារួចរាល់ហើយ យើងធ្វើការស្ថាបនា ផ្លូវចំនួន៦០ខ្សែបន្ថែមទៀត នៅក្នុងតំបន់អភិវឌ្ឍន៍ បឹងទំពុន ដែលមានទំហំដីសរុប​២.៥៧២​ហិក​តា នៃភាគខាងត្បូងរាជធានីភ្នំពេញមួយ​​នេះ។

ដីនៅតំបន់បឹងទំពុន និងតំបន់ជើងឯកនៃរាជធានីភ្នំពេញ និងមួយផ្នែកទៀតស្ថិត​ក្នុងរដ្ឋ​បាល​របស់​សាលាខេត្តកណ្តាល ត្រូវបាន​​រាជរដ្ឋាភិ​​​បាល​​កម្ពុជា ផ្តល់សិទ្ធិ​ទៅ​​ឲ្យ​​​ក្រុម​ហ៊ុន អាយ អេន ជី ហូលឌីង (ING Holding Co., Ltd) ដែលគេស្គាល់ថា ជារបស់លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ធ្វើការ​វិនិ​យោគ។ ក្រុមហ៊ុននេះ នឹងត្រូវធ្វើការអភិវឌ្ឍដីនៅភាគ​ខាងត្បូង​ភ្នំពេញ​មួយ​នេះឲ្យទៅជាទីក្រុង​​រណប​ដែលមានតំបន់​ពាណិជ្ជកម្ម ផ្សារ​ទំនើប កន្លែង​កំសាន្ត អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ផ្ទះ​ល្វែង ផ្ទះ​វីឡា កន្លែង​ធ្វើការទំនើប ជាដើម។ ប៉ុន្តែរក្សាអាងស្តុកទឹកស្អុយចំនួន៥២០ហិចតា និងបង្កើតឲ្យមាន​ផ្លូវ​ខ្វាត់​ខ្វែង​ចំនួន៦១ខ្សែ រួមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗជាច្រើនទៀត។ ការអភិវឌ្ឍជំហាន​ដំបូង ក្រុម​ហ៊ុន​នឹង​​ប្រើ​ប្រាស់​ដីប្រហែលជាង ៣០០ហិកតា ដើម្បីហេដ្ឋារចនាសម្ព័ន្ធរូប​វ័ន្ត​​​ដូច​ជា ផ្លូវ​​ថ្នល់​​​ចំនួន​៦១​ខ្សែ និងចំណតរថយន្តជាច្រើនទៀត ដោយប្រើ​​ប្រាស់ថវិកា​​ក្នុង​​តម្លៃ​​ប៉ាន់ស្មានប្រហែល​ជាង ៦៩៦​លាន​ដុល្លារ​អាម៉េរិក ៕

image(3)

image(2)

image(1)

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print