ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ លោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងអាជ្ញាធរក្រុង អញ្ចើញចូលរួមដាំ ដើមកក្ងោក ពូជផ្កាលឿង ចំនួន ៣០០ដើម ស្របតាមចិញ្ចើមផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់វិមានឯករាជ្យ ដើម្បីលម្អសោភ័ណភាពទីក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ឱ្យកាន់តែមាន ភាពស្រស់បំព្រង។
លោក អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ គឺដាំអមសងខាងតាមដងផ្លូវនេះ គឺដើម្បីសោភ័ណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹង ធ្វើឱ្យតំបន់នេះមានសោភ័័ណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំង តែងចេញផ្កាផ្តល់សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរណ៍ផងដែរ៕
ដោយ, សិលា